ភ្នំពេញ៖ ផ្ទះលក់កាហ្វេ មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១និង០០នាទីព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ដោយទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះដែលនៅក្បែរនោះ។
ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៤គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន០៣គ្រឿង ពុំបានប្រេីប្រាស់ទឹក, រថយន្តជំនួយរបស់បុរីសង្ឃឹមថ្មី ចំនួន០២គ្រឿង ពុំបានប្រើប្រាស់ទឹក និងប្រជាពលរដ្ឋប្រើប្រាស់បំពង់អគ្គិភ័យបាញ់ពន្លត់។
ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺជាប្រភេទ ដែកប្រក់ស័ង្កសីជញ្ជាំងស្បូវ ទំហំ (៥ម៉ែត្រ x ១០ម៉ែត្រ) ឆេះខូចខាតសម្ភារៈហាងកាហ្វេចំនួន ០១ហាង រួមទាំងសម្ភារៈមួយចំនួន ហើយពុំបានបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ ចំពោះ ករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ១១និង៣០នាទីព្រឹកនាថ្ងៃខែឆ្នាំដដែរ។
ដោយឡែក នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ មិនបណ្តាលឲ្យមានអ្នករងរបួសនោះឡើយ៕ដោយ ៖ ភារ៉ា ដង្កោ