ខេត្តកណ្ដាល÷បុរសម្នាក់ដែលធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេល ២ឆ្នាំ ពីបទប្រើប្រាស់គ្រឿងញៀន ពេលមានសេរីភាពនៅតែមិនរាងចាល បន្តប្រកបមុខរបរជួញដូរគ្រឿងញៀនតាមប្រព័ន្ធ Telegram ទីបំផុតត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅធ្វើការឃាត់ខ្លួនបាន កាលពីយប់ថ្ងៃទី៩ កញ្ញា ២០២៥ នៅលើផ្លូវបេតុង ស្ថិតក្នុងភូមិដើមគរ សង្កាត់ដើមមៀន។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ទូច លីហ៊ួរ ភេទប្រុស អាយុ ៣៨ឆ្នាំស្នាក់នៅផ្ទះជួលក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ជននេះមានប្រវត្តិធ្លាប់ ជាប់ពន្ធនាគារព្រៃសរយៈពេល ២ឆ្នាំ ពីបទប្រើប្រាស់គ្រឿងញៀន។ នៅពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀនបានចេញល្បាត ក៏ប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូម្នាក់ឯងដោយមានការសង្ស័យ ក៏បានឃាត់សួរនាំនិងឆែកឆេរតែម្តង។
ក្នុងពេលឆែកឆេរ សមត្ថកិច្ចបានរកឃើញម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ២ កញ្ចប់ លាក់ទុកនៅក្នុងកញ្ចប់បារីដែលជនសង្ស័យកាន់នៅដៃឆ្វេង និងមួយកញ្ចប់ទៀតលាក់ក្នុងហោប៉ៅខោខាងស្តាំ។ វត្ថុតាងដែលចាប់យកបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ២កញ្ចប់ ទម្ងន់ ៥,៤១ក្រាម, ម៉ូតូ ១គ្រឿងម៉ាក HONDA WAVE ពណ៌ខ្មៅ គ្មានស្លាកលេខ, ទូរសព្ទដៃ ១គ្រឿងម៉ាក INFINIX និងកញ្ចប់បារី MEVIUS ពណ៌ទឹកប៊ិក ១កញ្ចប់។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានទិញគ្រឿង ញៀននេះក្នុងតម្លៃ ៤០០.០០០រៀល ពីឈ្មោះ ឡោះ សុខ (ប្រុស, ៣៣ឆ្នាំ) ដោយឲ្យយកទៅដាក់នៅក្បែររបងវត្តក្រពើហា ហើយថតរូបទីតាំងផ្ញើឲ្យខ្លួនតាម Telegram។ ក្រោយទទួលបាន ឈ្មោះ ឡោះ សុខ បានលុបសារចេញ។ ជនសង្ស័យបានបន្តថា ខ្លួនយកគ្រឿងញៀននេះទៅរំលែកលក់បន្តបានលុយចំនួន ៤០០.០០០រៀល ដើម្បីយកទៅឲ្យឈ្មោះ ឡោះ សុខ វិញ ចំណែកគ្រឿងញៀនដែលនៅសល់ គឺទុកសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន។
បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕