សារព័ត៌មាន Reuters ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យរដ្ឋាភិបាលអាមេរិកបង្ហូតទង់ជាតិពាក់កណ្ដាលរហូតដល់ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ជាការគោរពដល់លោក Charlie Kirk ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃពុធ ទី១០ ខែកញ្ញា។
លោក Charlie Kirk មានអាយុ៣១ឆ្នាំ គឺជាមនុស្សជំនិតដ៏មានឥទ្ធិពលម្នាក់របស់លោក ត្រាំ ដែលបានចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នាំ២០២៤ ដោយបានរួមចំណែកជួយឱ្យលោក ត្រាំ ជាប់ឆ្នោតក្លាយជា ប្រធានាធិបតីអាមេរិកក្នុងអាណត្តិទី២។ លោកត្រូវបានខ្មាន់បាញ់សម្លាប់ក្នុងពិធីសំណេះសំណាលជាមួយក្រុមនិស្សិត នៅឯសាកលវិទ្យាល័យ Utah Valley University ក្នុងទីក្រុង Orem រដ្ឋ Utah នៅម៉ោងប្រហែល ១២៖២០នាទីថ្ងៃត្រង់ កាលពីថ្ងៃពុធ។ អង្គុយបានមួយសន្ទុះស្រាប់តែឮស្នួរគ្រាប់កាំភ្លើង ហើយលោក Kirk បានយកដៃស្ទាបក ហើយក៏ដួលពីលើកៅអីអង្គុយ ធ្វើឱ្យភាពចលាចលកើតឡើង។
វីដេអូមួយបានបង្ហាញពីឈាមហូរចេញពីករបស់លោក Kirk ភ្លាមៗក្រោយលោកត្រូវបានគេបាញ់ប្រហារ។ អាជ្ញាធរអាមេរិកបានឱ្យដឹងថាខ្មាន់កាំភ្លើងទំនងជាបើកការបាញ់ប្រហារចេញពីលើ ដំបូល ហើយមានមនុស្សជាង ៣០០០នាក់បានចួលរួមក្នុងពិធីសំណេះសំណាលនោះ។
ការសម្លាប់មនុស្សជំនិតរបស់លោក ត្រាំ កើតមានឡើងចំពេលចរន្តវាយប្រហារ ឬប៉ុនប៉ងធ្វើឃាតអ្នកនយោបាយអាមេរិកកើតឡើងជាបន្តបន្ទាប់ ក្នុងនោះរួមមានទាំងការប៉ុនប៉ងធ្វើឃាតលោក ត្រាំ មិនបានសម្រេចដល់ទៅ២លើក ហើយនេះក៏ជាការបង្ហាញពីអំពើហិង្សានយោបាយក្នុងសង្គមអាមេរិកផងដែរ៕