ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ស្ថានទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា បានឱ្យដឹងថា ៖ កាលពីម្សិលមិញ លោក Christof Weigelmeier ភារធារី និងជាប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ នៃស្ថានទូតអាល្លឺម៉ង់ បានចូលរួមជាមួយ លោកស្រី ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក បណ្ឌិត កែវ អូម៉ាលីស រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីបើកវេទិកាសេដ្ឋកិច្ចចក្រាកម្ពុជាឆ្នាំ២០២៥ ជាផ្លូវការ។
ក្រោមប្រធានបទ “ផែនទីបង្ហាញផ្លូវឆ្ពោះទៅរកភាពស្អាត បៃតង និងចីរភាពនៃកម្ពុជា” វេទិការយៈពេល៣ថ្ងៃនេះ បង្ហាញពីសារៈសំខាន់នៃការផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចចក្រា ដែលកាត់បន្ថយកាកសំណល់ អភិរក្សធនធាន និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
នៅក្នុងសុន្ទរកថាបើក លោក Weigelmeier បាននិយាយថា “ជាមួយនឹងចំនួនប្រជាជនដែលជាយុវជន និងពោរពេញដោយភាពស្វាហាប់ ប្រទេសកម្ពុជាស្ថិតក្នុងស្ថានភាពអំណោយផលក្នុងការពន្លឿនការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចចក្រា និងចាប់យកឱកាសជាច្រើនដែលសេដ្ឋកិច្ចនេះផ្តល់អោយ”។
កាកសំណល់ទាំងអស់សុទ្ធតែមានប្រយោជន៍។ សម្រាប់ប្រទេសកម្ពុជា សេដ្ឋកិច្ចចក្រាគឺជាកត្តាចាំបាច់សម្រាប់បរិស្ថាន និងជាឱកាសសេដ្ឋកិច្ច។ វាអាចកាត់បន្ថយកាកសំណល់ទីក្រុង និងកាកសំណល់កសិកម្ម ជំរុញការបង្កើតថ្មី និងពាណិជ្ជកម្មប្រកបដោយចីរភាព លើកកម្ពស់ការប្រកួតប្រជែងអាជីវកម្ម និងបង្កើតការងារបៃតង ស្របជាមួយនឹងការការពារធនធានធម្មជាតិ និងការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។
វេទិកាឆ្នាំនេះប្រមូលផ្តុំភាគីពាក់ព័ន្ធពីរដ្ឋាភិបាល ធុរកិច្ច ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិលជាដើម ដើម្បីពិភាក្សាអំពីដំណោះស្រាយជាក់ស្តែងក្នុងគោលបំណងជម្រុញអោយកិច្ចសន្ទនាគោលនយោបាយក្លាយទៅជាសកម្មភាពជាក់ស្តែង។
អាល្លឺម៉ង់មានមោទនភាពក្នុងការគាំទ្រកម្ពុជាក្នុងការផ្លាស់ប្តូរនេះ។ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយភាគីជាតិ និងអន្តរជាតិ វិស័យឯកជន និងសង្គមស៊ីវិល យើងនៅតែប្តេជ្ញាចិត្តក្នុងការជំរុញកំណើនបៃតង និងរួមចំណែកដល់អនាគតប្រទេសកម្ពុជាដែលកាន់តែស្អាត បៃតង និងប្រកបដោយចីរភាពបន្ថែមទៀត ៕
រូបភាព ៖ ដោយក្រសួងពាណិជ្ជកម្ម និងក្រសួងបរិស្ថាន