ភ្នំពេញ៖ តារាសម្តែងស្រីសម្តីក្រមិចក្រមើមអ្នកនាង ភិន សុដាលីស បានធ្វើពិធីប្រកាសបើកសម្ពោធផលិតផលម៉ាកសញ្ញាផ្ទាល់ខ្លួនគឺកញ្ចក់ភ្នែក (Contact Lens) នៅសណ្ឋាគារ សុខាភ្នំពេញ កាលពីល្ងាចថ្ងៃទី០៤ ខែកញ្ញា នេះ។ ការប្រកាសបើកមុខជំនួញទ្រង់ទ្រាយធំនេះស្របពេលដែតារាស្រីរូបនេះកំពុងពរពោះជិតគ្រប់ខែទៅហើយ ប៉ុន្តែនាងជឿជាក់ថា មុខជំនួញនេះនឹងទទួលបានជោគជ័យកាន់តែខ្លាំង។
ភិន សុដាលីស បានក្លាយជាតារាសម្តែងថ្មី ដែលបានបើកមុខជំនួញដែលមានម៉ាកសញ្ញាផ្ទាល់ខ្លួន គឺបន្ទាប់ពីតារាសម្តែង គង់ ច័ន្ទស្រីមុំ និងលោកអេឡិច ចិន្ត្រា ។ Pandy by Katy គឺជាឈ្មោះម៉ាកផលិតផលដែល ភិន សុដាលីស បានដាក់ហើយឈ្មោះកាទី (Katy) នោះ គឺជាឈ្មោះហៅក្រៅរបស់នាង និងជាឈ្មោះដែលគេស្គាល់នាងទូលំទូលាយនៅលើហ្វេសប៊ុក។ ផលិតដែលនាងប្រកាសលក់នេះគឺប្រើឈ្មោះរបស់នាងតែម្ដង ដែលនេះគឺជាលើកទី១ ដែលគេកត់សម្គាល់ថា នាងបានទទួលជោគជ័យក្នុងការទិញសិទ្ធិរបស់ផលិតផលកូរ៉េ ដើម្បីវាយលុកទីផ្សារផ្ដាច់មុខនៅកម្ពុជា។
ភិន សុដាលីស និយាយថា នាពេលកន្លងមកនាងធ្លាប់នាំចូលផលិតផលកញ្ចក់ភ្នែក និងប្រដាប់ដាក់រោមភ្នែកនៅលើអនឡាញយូរមកហើយ ប៉ុន្តែផលិតផលទាំងនោះនាងគ្រាន់តែយកមកលក់លេងៗ និងមិនមានផ្លាកយីហោជារបស់ខ្លួនប៉ុណ្ណោះ។ យ៉ាងណាមិញ ដោយការគាំទ្រនាងក៏សម្រេចចិត្តចំណាយទុនកុងត្រាផ្ដាច់មុខលើផលិតផលទាំងនោះ ដោយបានទាំងកំណត់ឲ្យប្រើឈ្មោះរបស់នាង នៅលើផលិតផលនោះតែម្ដងដើម្បីបង្កើតម៉ាកផ្ទាល់ខ្លួនមួយប្រកួតប្រជែងទីផ្សារ។
នាងបន្តថា ផលិតរបស់នាងគឺមានឈ្មោះថា Pandy by Katy ដែលឈ្មោះ ខេតធី នោះគឺជាឈ្មោះហៅក្រៅរបស់នាង និងជាឈ្មោះដែលគេស្គាល់នាងទូលំទូលាយនៅលើហ្វេសប៊ុក។ នាងរំពឹងថា ការបោះដើមទុនក្នុងទ្រង់ទ្រាយធំលើមុខជំនាញនាំចូលផលិតផលកញ្ចក់ភ្នែក និងរោមភ្នែកផ្ដាច់មុខ និងបង្កើតយីហោផ្ទាល់ខ្លួននេះនឹងទទួលជោគជ័យដោយសារតែផលិតរបស់នាងមានការគាំទ្រក្រាស់ក្រែលយូរមកហើយនៅតាមអនឡាញ។
តារាស្រីរូបនេះបញ្ជាក់ថា ការសម្រេចចិត្តចែកចាយផលិតផលដែលជាម៉ាកសញ្ញាផ្ទាល់ខ្លួននេះព្រោះតែអាជីពនេះកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ហើយបើទោះបីជាមិនដល់មួយខែទៀតទេនាងនឹងសម្រាលកូនស្រីក្តីក៏នាងមិនមានការព្រួយបារម្ភនឹងជំនួញថ្មីនេះដែរព្រោះតែនាងមានក្រុមការងារជាច្រើនដែលមើលការខុសត្រូវទាំងផ្នែកទីផ្សារ និងការដឹកជញ្ជូន។ នាងបន្តថា ការងារជួយគ្រប់គ្រងការផលិតខ្សែភាពយន្តនាងនៅតែបន្តធ្វើហើយក្រោយពេលសម្រាលកូនរួចនាងក៏នៅតែឆ្លៀតថតខ្សែភាពយន្តប្រសិនបើឱកាសផ្តល់ឲ្យ។
នាងរំពឹងនិងជឿជាក់ថា មុខជំនួញថ្មីរបស់នាងនឹងទទួលបានការគាំទ្រកាន់តែច្រើន ព្រោះតែកន្លងមកនាងតែងនាំចូលផលិតផលដែលមានគុណភាព សោភណ្ឌភាព និងទំនុកចិត្តសម្រាប់អតិថិជននោះ៕
ដោយ៖ វឌ្ឍនា