ខេត្តស្ទឹងត្រែងចាប់ផ្តើមគម្រោងកែលម្អសោភ័ណភាពក្រុង ដើម្បីលើកកម្ពស់តំបន់ទេសចរណ៍មាត់ទន្លេ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៥ រដ្ឋបាលខេត្តស្ទឹងត្រែង រួមជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំពិធីក្រុងពាលីបើកការដ្ឋានអនុវត្តគម្រោងកែលម្អសោភ័ណភាពក្រុងស្ទឹងត្រែង ដើម្បីប្រែក្លាយតំបន់មាត់ទន្លេសេកុង ឲ្យទៅជាកន្លែងកម្សាន្តសាធារណៈដ៏ទាក់ទាញ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន, លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោល សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។  គម្រោងកែលម្អសោភ័ណភាពក្រុងនេះ គឺជាផ្នែកមួយនៃ គម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់ទន្លេមេគង្គ ជំហានទី ៤ ដែលទទួលបានហិរញ្ញប្បទានពី ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។ ការងារសាងសង់នឹងត្រូវអនុវត្តតាមបណ្ដោយដងទន្លេសេកុង ចាប់ពីរង្វង់មូលព្រះភិរុណ រហូតដល់ស្ពានព្រះរាជដំណាក់ ស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ដែលមានប្រវែងសរុប ៧០០ ម៉ែត្រ ។

យោងតាមគម្រោងដែលបានបង្ហាញ ការងារសំខាន់ៗដែលត្រូវអនុវត្តក្នុងរយៈពេល ១ ឆ្នាំ រួមមាន៖

ការងារក្រាលកម្រាលថ្មក្រាលនីត ទំហំ ៥,៦៩៨ ម៉ែត្រការ៉េ។

ដំឡើងអំពូលសូឡាបំភ្លឺ តាមមាត់ទន្លេចំនួន ៨០ បង្គោល។

ដំឡើងកៅអីអង្គុយសាធារណៈ ចំនួន ៥៥ ។

សាងសង់បន្ទប់ទឹកសាធារណៈ ចំនួន ២ កន្លែង។

ដំឡើងឧបករណ៍លេងសម្រាប់កុមារ ចំនួន ១៦ គ្រឿង និង ឧបករណ៍ហាត់ប្រាណ ចំនួន ១៥ គ្រឿង។

បំពាក់ធុងសំរាម ចំណុះ ២៤០ លីត្រ ចំនួន ២០០ ធុង។

បន្ថែមពីលើនេះ គម្រោងសំខាន់ៗផ្សេងទៀតដែលកំពុងអនុវត្តក្រោមហិរញ្ញប្បទានរបស់ ADB រួមមាន ការស្ថាបនាទីលានទុកដាក់សំរាមថ្មី , ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និង ការបិទទីលានចាក់សំរាមចាស់ ជាដើម។

គម្រោងនេះត្រូវបានគេរំពឹងថា នឹងជួយលើកកម្ពស់សោភ័ណភាពក្រុងស្ទឹងត្រែង ក៏ដូចជាផ្តល់ជាទីកន្លែងកម្សាន្តប្រកបដោយផាសុកភាពសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ៕ 

ប្រភព ៖ មន្ទីរព័ត៌មាន ខេត្តស្ទឹងត្រែង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print