ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបង្ហាញមុខជនសង្ស័យប្រុសស្រីចំនួន ០៥នាក់ ជាសាធារណៈ មុននិងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធីច្បាប់ ក្រោយឃាត់ខ្លួនជាក់ស្តែង ក្នុងករណីលេងល្បែងស៊ីសងដោយខុសច្បាប់(លេងបៀរ និងចាក់ឡូតូ)។
ក្នុងប្រតិបត្តិការនោះ ដោយអនុវត្តតាមអនុសាសន៍របស់ លោកនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញដោយផ្ទាល់របស់ លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្ត បានចាត់ឲ្យ លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ម៉ោង ១៦:៣០ នាទី កម្លាំងនគរបាលក្រុងព្រះសីហនុ បានបង្ក្រាបកន្លែងលេងល្បែងស៊ីសង (បៀរ និងចាក់ឡូតូ) នៅក្រុមទី២៤ ទំនប់រលក ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់ ។
ចំណែកវត្ថុតាងចាប់យកបានរួមមាន៖ កុំព្យូទ័រចាក់ហ្គេមឡូតូ ១ គ្រឿង សន្លឹកបៀរ ១ ហ៊ូ កន្សែងពោះគោចំនួន ១ (សម្រាប់លេងបៀរ) ទូរស័ព្ទ ៤ គ្រឿង (VIVO ២, ផ្ទៃមេឃ ១, ពណ៌ខ្មៅ ១) ។
បច្ចុប្បន្ននៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចជំនាញ បានបញ្ជូនខ្លួនជនសង្ស័យទាំង ៥នាក់ និងវត្ថុតាង ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់ ៕ដោយ៖តារា