លោក Kulman Ghising ប្រធានអាជ្ញាធរអគ្គិសនីនេប៉ាល់ (NEA) ត្រូវបានយុវជនរបស់ប្រទេសនេះ តែងតាំងជាអ្នកដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្ន។
យោងតាមគេហទំព័រ India Today កាលពីថ្ងៃទី 11 ខែកញ្ញា យុវជននេប៉ាល់បានតែងតាំងលោក Kulman Ghising ជាវិស្វករអគ្គិសនី និងជាប្រធានអាជ្ញាធរអគ្គិសនីនេប៉ាល់ ដើម្បីដឹកនាំរដ្ឋាភិបាលអន្តរកាលក្នុងអំឡុងពេលនៃភាពចលាចលនាពេលបច្ចុប្បន្ន។
ជាមួយគ្នានេះ កងទ័ពនេប៉ាល់បានធ្វើការចរចាជាមួយក្រុមបាតុករ ដែលភាគច្រើនជាយុវជន ដើម្បីស្វែងរកមេដឹកនាំបណ្តោះអាសន្នសម្រាប់ប្រទេស។ អ្នកនាំពាក្យកងទ័ពលោក Raja Ram Basnet បានបញ្ជាក់ប្រាប់រ៉យទ័រថា “ការចរចាបឋមបានចាប់ផ្តើមនៅថ្ងៃទី ១១ ខែកញ្ញា”។
លោក Kulman Ghising កើតនៅឆ្នាំ 1970 នៅស្រុក Ramechhap ប្រទេសនេប៉ាល់។ គាត់បានទទួលអាហារូបករណ៍ពេញលេញផ្នែកវិស្វកម្មអគ្គិសនីពីវិទ្យាស្ថានបច្ចេកវិទ្យាក្នុងតំបន់ (NIT) នៅ Jamshedpur ប្រទេសឥណ្ឌា។ បន្ទាប់មកគាត់បានបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកប្រព័ន្ធថាមពលនៅប្រទេសនេប៉ាល់ ហើយបានបញ្ចប់ថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យ Pokhara ។
លោក Kulman Ghising បានក្លាយជាបុគ្គលសាធារណៈបន្ទាប់ពីចូលកាន់តំណែងជាអគ្គនាយកអាជ្ញាធរអគ្គិសនីនេប៉ាល់ (NEA) ក្នុងខែកញ្ញា ឆ្នាំ 2016 នៅពេលដែលប្រទេសនេះកំពុងស្ថិតក្នុងវិបត្តិថាមពល ដោយមានការដាច់ចរន្តអគ្គិសនីរហូតដល់ 18 ម៉ោងក្នុងមួយថ្ងៃ។
ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីកាន់តំណែងបានតែប៉ុន្មានខែ គាត់បានសម្រេចនូវអព្ភូតហេតុមួយគឺការលុបបំបាត់ទាំងស្រុងនូវការដាច់ចរន្តអគ្គិសនីទូទាំងប្រទេស ដែលជាអ្វីដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រនៃវិស័យថាមពលរបស់ប្រទេសនេប៉ាល់៕
រូបថត: tuoitre