បុរសម្នាក់របួសធ្ងន់ត្រូវភ្លើងឆេះពេញខ្លួន ក្រោយធ្វេស ប្រហែសផ្ទេរសាំងដបបង្កជាអគ្គិភ័យឆេះផ្ទះនៅស្រុកអង្គស្នួល

ចែករំលែក៖

ខេត្តកណ្តាល÷ បុរសម្នាក់បានរងរបួសធ្ងន់ដោយសារភ្លើងឆេះពេញខ្លួនប្រាណ ខណៈកំពុងផ្ទេរសាំងពីប៊ីដុងដាក់ចូលដបសម្រាប់លក់ បណ្ដាលឲ្យបង្កជាអគ្គិភ័យឆេះតូបលក់ចាប់ហួយរបស់ខ្លួនរាលដាលដល់ផ្ទះ។ ហេតុការណ៍ដ៏គួរឲ្យសង្វេគនេះ កើតឡើងនៅរសៀលថ្ងៃទី១២ កញ្ញា ២០២៥ នៅភូមិចំបក់កោង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៣និង៥០នាទី។ ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ សឿង ម៉ុន ភេទប្រុស អាយុ៥៥ឆ្នាំ។

លោកអធិការបានបន្តថា អគ្គិភ័យបានឆាបឆេះតូបលក់ចាប់ហួយរបស់ជនរងគ្រោះដែលមានទំហំ ៤ម៉ែត្រ x ៥ម៉ែត្រ ធ្វើពីជញ្ជាំងស័ង្កសី ខូចខាតប្រហែល ៤០% ដោយអីវ៉ាន់លក់ដូរដូចជា សាំង ហ្គាស ភេសជ្ជៈ និងសម្ភារៈផ្សេងៗត្រូវបានឆេះខូចខាតទាំងស្រុង។ ភ្លើងក៏បានរាលដាលដល់ផ្ទះធំ ដែលមានទំហំ ៦ម៉ែត្រ x ៨ម៉ែត្រ បណ្ដាលឲ្យខូចខាតប្រហែល ២០%។

ភ្លាមៗនោះ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេជ ប្រជាការពារ និងប្រជាពលរដ្ឋសរុប ៥៧នាក់ បាននាំគ្នាជួយអន្តរាគមន៍ពន្លត់ភ្លើង។ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ១គ្រឿង និងប្រើប្រាស់ទឹកអស់ ១ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងនៅវេលាម៉ោង ១៤និង៥០នាទី នាថ្ងៃដដែល។

...

តាមការសន្និដ្ឋានបឋម ករណីនេះបង្កឡើងដោយសារការធ្វេសប្រហែសរបស់ម្ចាស់ផ្ទះផ្ទាល់ ដែលបានផ្ទេរសាំងពីកាដុងចូលដបសាំង ធ្វើឲ្យកើតមានអគ្គិភ័យតែម្ដង។ ជនរងគ្រោះឈ្មោះ សឿង ម៉ុន បានរងរបួសធ្ងន់ រលាកភ្លើងពេញខ្លួន ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print