ខេត្តកំពង់ស្ពឺ÷ កម្លាំងនគរបាលស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បំបែកសំណុំរឿងក្រុមចោរលួចគោយ៉ាង សកម្មក្នុងស្រុកចំនួន ៤ រួមមាន ស្រុកសាមគ្គីមុនីជ័យ, សំរោងទង,ភ្នំស្រួច និងស្រុកគងពិសី។ ជនសង្ស័យ ២នាក់ក្នុងចំណោមបក្ខពួកជាច្រើននាក់ ត្រូវបានឃាត់ ខ្លួន កាលពីថ្ងៃទី១៣ កញ្ញា ២០២៥ នៅតាមផ្លូវជាតិលេខ៥១ ក្នុងភូមិរោងដំរី ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ។
លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ករណីនេះកើតឡើងបន្ទាប់ ពីកម្លាំងនគរបាលស្រុកបានធ្វើការល្បាតក្នុងភូមិសាស្ត្រដើម្បីទប់ស្កាត់ករណីបាត់គោរបស់អ្នកស្រុក។ ពេលល្បាត កម្លាំងបានប្រទះឃើញជនសង្ស័យម្នាក់កំពុងអង្គុយលើម៉ូតូ ហើយដោយមានការសង្ស័យ ក៏បានហៅសួរនាំ។ ជននោះបានផ្ដល់ចម្លើយរដិបរដុប មិនច្បាស់ លាស់ ទើបសមត្ថកិច្ចនាំខ្លួនមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំតូចដើម្បីសួរនាំបន្ថែម។
ចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ វង់ ចាន់ផាក់ ភេទប្រុស អាយុ៣៨ឆ្នាំ សារភាពថា ខ្លួនបានមកទីនេះដើម្បីដឹកបក្ខពួកម្នាក់ឈ្មោះ សំ ដារ៉ា ហៅរ៉ា ភេទប្រុស, អាយុ៤១ឆ្នាំ។ តាមការឆ្លើយសារភាព ក្រុមរបស់ពួកគេមានគ្នាចំនួន ៤នាក់ និងតែងតែធ្វើសកម្មភាពលួចគោក្នុងខេត្តកំពង់ស្ពឺជាច្រើនលើក ដោយក្នុងនោះមាននៅស្រុកសាមគ្គីមុនីជ័យ ២លើក,ស្រុកសំរោងទង ២លើក, ស្រុកភ្នំស្រួច ៣លើក និងស្រុកគងពិសី ៧លើក។
ដោយមានការសម្របសម្រួលពីតំណាងអយ្យការ កម្លាំងនគរបាលបានបន្តប្រតិបត្តិការ និងឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតបានសម្រេចគឺឈ្មោះ សំ ដារ៉ា។ ចំណែកបក្ខពួកពីរនាក់ទៀត រួមមានឈ្មោះ ស.នភេទប្រុស អាយុ ៣៣ឆ្នាំនិងឈ្មោះ រ ភេទប្រុស អាយុ៣៤ឆ្នាំកំពុងរត់គេចខ្លួន។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ទូរសព្ទ ២គ្រឿងនិងម៉ូតូ១គ្រឿង ម៉ាក Honda C125 គ្មានស្លាកលេខ។
បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដើម្បីបំពេញនីតិវិធីកសាងសំណុំរឿងបញ្ជូនបន្តទៅការិយាល័យព្រហ្មទណ្ឌខេត្ត ដើម្បីចាត់ការតាមច្បាប់៕