ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ០៧និង០០នាទីព្រឹក ស្ថិតនៅចំណុច JR Bar ក្រុមទី១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានករណីចាប់មនុស្សជំរិតទារប្រាក់ បង្កដោយជនសង្ស័យ ៥នាក់ បានធ្វើសកម្មភាពចាប់ជនរងគ្រោះ ០១នាក់ ភេទប្រុស ជនជាតិប៉ាគីស្ថាន ចូលក្នុងរថយន្ត ១គ្រឿង ម៉ាក GS-300 ពណ៌ស ។
នៅក្នុងរថយន្ត ជនសង្ស័យបានវាយគំរាមជនរងគ្រោះយកប្រាក់ចំនួន ១,៤០០ដុល្លារអាមេរិក និងទូរសព្ទ័ ១ គ្រឿង ម៉ាក IPhone 16 Pro Max ព្រមទាំងនិយាយគំរាមជនរងគ្រោះថា ២ថ្ងៃក្រោយ ត្រូវយកប្រាក់ឱ្យពួកគេចំនួន ១០,០០០ដុល្លារអាមេរិកទៀត ។ បន្ទាប់ ពីកើតហេតុ ១ម៉ោងក្រោយមក នៅវេលាម៉ោងប្រហែល ០៨និង០០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យបានយកជនរងគ្រោះមកទម្លាក់ចោលនៅក្នុងឆាយណាថោន ហើយជនសង្ស័យក៏បានបើករថយន្តគេចខ្លួនបាត់ ។ បន្ទាប់មក ជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ។
ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់នាយឧត្តម សេនីយ៍ អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុបានចាត់លោក ឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុស្រាវជ្រាវភ្លាមៗ រហូតនៅម៉ោងប្រហែល ២៣និង៥៥នាទីយប់ ថ្ងៃដដែល ដោយបានការសហការពីកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឃាត់ ខ្លួនជនសង្ស័យ ១នាក់ បន្ទាប់មក បានបន្តកិច្ចសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបានបក្ខពួកជនសង្ស័យចំនួន ០២នាក់បន្ថែមទៀត ។
សរុបមកដល់ពេលនេះ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យសរុបចំនួន ៣នាក់ ភេទប្រុស ជនជាតិប៉ាគីស្ថាន ចំណែកបក្ខពួកនៅសេសសល់ ចំនួន ២នាក់ទៀត សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស្វែងរកបន្ត ៕