ខេត្តកណ្តាល÷ យុវជនម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ក្នុងហេតុការណ៍បុកគ្នារវាងម៉ូតូរបស់ខ្លួនជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក ដែលបានបើករត់គេចខ្លួន។
ហេតុការណ៍ដ៏គួរឲ្យសង្វេគនេះបានកើតឡើងនៅវេលាម៉ោង ១១ និង ០០នាទី ថ្ងៃទី១៣ កញ្ញា ២០២៥ នៅលើផ្លូវជាតិលេខ៦ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៦-២៧ ស្ថិតនៅភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូល បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស បុរី ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជន រងគ្រោះបានបើកបរម៉ូតូ Honda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GW-9268 ក្នុងទិសដៅពីត្បូងទៅជើង ហើយត្រូវបានម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងទៀតដែលធ្វើដំណើរស្របទិសគ្នា បុកពីក្រោយពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗ។ ម៉ូតូសណ្ដោងរ៉ឺម៉កដែលបង្កហេតុមិនស្គាល់អត្តសញ្ញាណអ្នកបើកបរ និងបានបើករត់គេចខ្លួនបាត់មុនពេលសមត្ថកិច្ចទៅដល់។
លោកអធិការបានបន្តថា ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញចរាចរណ៍បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីធ្វើការពិនិត្យវាស់វែង និងប្រគល់សពជនរងគ្រោះជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
គួររំលឹកផងដែរថា ត្រឹមតែរយៈពេល ២ថ្ងៃ គឺថ្ងៃទី១២ និងថ្ងៃទី១៣ កញ្ញា ២០២៥ នេះ នៅក្នុងខេត្តកណ្ដាលមានអ្នកស្លាប់បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣នាក់ហើយ គឺនៅក្រុងតាខ្មៅ ១នាក់ ស្រុកពញាឮ ១នាក់ និងស្រុកមុខកំពូល ១នាក់៕