ដើម្បីទប់ស្កាត់វិបត្តិកង្វះលំនៅឋាន ដែលជាកង្វល់របស់ពលរដ្ឋ រដ្ឋាភិបាលរប់លោក Mark Carney បានអនុវត្តការសន្យា ក្នុងពេលឃោសនាបោះឆ្នោត សាងសង់លំនៅឋានលក់ជូនប្រជាពលរដ្ឋក្នុងតម្លៃទាប។
សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ ២០២៥ នាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney បានប្រកាសថា ទីភ្នាក់ងារសហព័ន្ធថ្មីមួយមានទុនវិនិយោគ ៩.៣៩ពាន់លានដុល្លារ នឹងមកសាងសង់លំនៅដ្ឋានតម្លៃសមរម្យ បន្ទាប់ពីលោកធ្លាប់បានសន្យាក្នុងយុទ្ធនាការកន្លងទៅថា នឹងជំរុញការងារសាងសង់លំនៅដ្ឋាន។
លោក Carney ប្រាប់ក្រុមអ្នកយកព័ត៌មានក្នុងទីក្រុង Nepean ខេត្ត Ontario ដូច្នេះថា «យើងមានវិបត្តិលំនៅដ្ឋាន ហើយត្រូវតែប្រើគ្រប់មធ្យោបាយ ដើម្បីដោះស្រាយ»។
តាមលោក Carney ទីភ្នាក់ងារ Build Canada Homes នឹងមកសាងសង់លំនៅដ្ឋានតម្លៃសមរម្យ សម្រាប់គ្រួសារមានប្រាក់ចំណូលទាប និងធ្វើការជាមួយអ្នកអភិវឌ្ឍឯកជន ដើម្បីសង់ផ្ទះសម្រាប់ពលរដ្ឋមានចំណូលមធ្យម។ ទីភ្នាក់ងារនេះ នឹងកាត់បន្ថយហានិភ័យក្នុងការសាងសង់ នៅកាណាដា ដោយជួយបន្ធូរបន្ថយថ្លៃដើម (ការចំណាយមុន) ហើយប្រើប្រាស់ដីរដ្ឋសម្រាប់ការសាងសង់។ វាក៏ជាផ្នែកមួយនៃយុទ្ធនាការ ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ច និងកាត់បន្ថយការពឹងផ្អែក របស់កាណាដាលើសហរដ្ឋអាមេរិក នៅពេលដែលពន្ធគយចាប់ផ្តើមជះផលប៉ះពាល់ផងដែរ៕