ខេត្តកណ្តាល ÷ ជនរងគ្រោះជាយុវតីវ័យក្មេង បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើត ក្រោយជិះម៉ូតូក្នុងល្បឿនលឿនខ្លាំងពេក ហើយរេចង្កូតមកលើស្មៅចិញ្ចើមផ្លូវ បោះពួយទៅបុករបងថ្ម។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានឡើងកាលពីវេលាម៉ោង ០១និង ៥៣នាទី(ម៉ោងក្នុងកាមេរាសុវត្ថិភាព) ឆ្លងចូលថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ 21A ស្ថឹតក្នុងភូមិព្រែកសំរោង ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកវរសេនីយ៏ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា យុវតីរងគ្រោះមានឈ្មោះ ឡុង នីតា អាយុ២០ឆ្នាំបានស្លាប់នៅកន្លែងកើតហេតុ ជិះម៉ូតូម៉ាក HONDA SCOOPY ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1LR-2904 (ម៉ូតូរងការខូចខាតធ្ងន់) និងមានទីលំនៅក្នុងភូមិលេខ ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល បើកបរមានទិសដៅពីជើងទៅត្បូង ។
យោងតាមកាមេរ៉ាសុវត្ថិភាព គឺនៅចំណុចកើតហេតុ ម៉ូតូជនរងគ្រោះមានល្បឿនលឿនពេក ក៏បានរេចង្កូតមកស្តាំឡើងលើស្មៅចិញ្ចើមផ្លូវ រួចបោះពួយស្ទើរមើលមិនទាន់ទៅបុករបងថ្មបណ្ដាលឱ្យម៉ូតូខ្ទាតផ្លោងជាច្រើនជុំ មកលើផ្លូវ ចំនែកជនរងគ្រោះបានធ្លាក់ចេញពីម៉ូតូតាំងពីចំណុចបុករបងថ្ម បោកត្រូវក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។
ក្រោយទទួលបានសេចក្តីរាយការណ៍ចូលហ្គ្រុបតេឡេក្រាម(អធិការដ្ធាននគរបាលក្រុងតាខ្មៅ)ភ្លាម លោកអធិការបានបញ្ជារផ្នែកជំនាញចុះអន្តរាគមន៍ពិនិត្យដល់ទីតាំងកើតហេតុ និងបានដឹកសពយុវតី រងគ្រោះតាមរថយន្តសាមុយ ទៅតម្កល់នៅក្នុងសាលមន្ទីរពេទ្យបង្អែកជ័យជំនះ ហើយក៏បានប្រគល់សពជូនក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។
យោងតាមកាមេរាសុវត្ថិភាព បានបញ្ជាក់យ៉ាងច្បាស់ថា មូលហេតុបណ្ដាលមកពី ជនរងគ្រោះបើកបរម៉ូតូក្នុងល្បឿនលឿនពេកខ្វះការប្រុងប្រយ័ត្ន ៕