ខេត្តបន្ទាយមានជ័យ៖ ១ថ្ងៃយ៉ាងហោចណាស់មានមនុស្សចំនួន៤នាក់បានស្លាប់និង៣នាក់ទៀតទទួលរងបួសធ្ងន់ស្រាលជួបនូវឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍៣ករណីផ្សេងគ្នា ក្នុងខេត្តបន្ទាយមានជ័យ ករណីទី១បើករថយន្តធ្លាក់ទឹក លង់ស្លាប់៣នាក់ នៅក្រុងសិរីសោភ័ណ ករណីទី២ជិះម៉ូតូធ្លាក់ចូលប្រឡាយ បាក់កស្លាប់ម្នាក់និងរងបួសធ្ងន់ម្នាក់ នៅស្រុកមង្គលបុរី និងករណី ទី៣រថយន្តធុនធំបុកអ្នកជិះម៉ូតូរបួសធ្ងន់ម្នាក់និងរងរបួសស្រាលម្នាក់នៅស្រុកម៉ាឡៃ។
ករណីទី១ សេចក្តីរាយការណ៍ឱ្យដឹងថា កាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ រថយន្តកាមរីឆ្លាម១គ្រឿងពណ៌ទឹកមាស ពាក់ស្លាកលេខ បន្ទាយមានជ័យ២-A៤៨០៥ ដែលមានអ្នកជិះក្នុងរថយន្ត៣នាក់ អ្នកបើកបរគេសង្ស័យក្នុងស្ថានភាពស្រវឹង បានបើកប្រជែងរថយន្ត២ទៅ៣គ្រឿង ក្នុងទិសដៅពីជើងទៅត្បូង ចេញពីក្រុងសិរីសោភ័ណ ទៅស្រុកមង្គលបុរី ខណៈនោះស្រាប់តែមានរថយន្តធុនធំមួយគ្រឿងបើកច្រាស់ទិសគ្នាបានមកដល់ រថយន្តកាមរីឆ្លាម ក៏បើកគេចរថយន្តធុនធំ រេចង្កូត ទៅខាងស្តាំដៃជ្រុលធ្លាក់ក្នុងប្រឡាយទឹកបណ្តាលឱ្យរថយន្តក្រឡាប់ផ្ញាជើងលិចក្នុងទឹក ជាប់អ្នកជិះក្នុងរថយន្ត៣នាក់ មិនអាចចេញមករួច។ ប្រជាពលរដ្ឋនាំគ្នាចូលជួយអន្តរាគមន៍ចំណាយពេលប្រហែល១០នាទីទៅវាយកញ្ចក់រថយន្តទាញជនរងគ្រោះចេញក្រៅ ប៉ុន្តែហាក់បីយឺតពេលទៅហើយ ជនរងគ្រោះទាំង៣នាក់ត្រូវបានដឹកដល់មន្ទីរពេទ្យតាមរថយន្តសង្រ្គោះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យគ្រូពេទ្យប្រាប់ថាពួកគេ ដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ជនរងគ្រោះមានឈ្មោះ ១,ហ៊ុយ ឡាសាំង ភេទ ប្រុសអាយុ៣២ឆ្នាំជាអ្នកបើករថយន្ត ប្រកបមុខរបរ បុគ្គលិករបស់ក្រុមហ៊ុនកូកាកូឡា រស់នៅភូមិសាលាដែង ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី ២,សេន តុលា ភេទប្រុសអាយុ ៣២ឆ្នាំ រស់នៅភូមិព្រែកជីក ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី ៣, ជុ ជាតិ ភេទប្រុស អាយុ៣២ឆ្នាំ ប្រកបមុខរបរគ្រូបង្រៀន រស់នៅភូមិបត់ត្រង់ ឃុំបត់ត្រង់ស្រុកមង្គលបុរី ។ ករណីនេះសមត្ថកិច្ចប្រាប់ឱ្យដឹងថា មូលហេតុជនរងគ្រោះបើកប្រជែងខ្វះការប្រុងប្រយ័ត្នមិនឃើញឧបសគ្គនៅខាងមុខ។
ករីណទី២ សេចក្តីរាយការណ៍ឱ្យដឹងទៀតថា យុវជន២នាក់បានបើកម៉ូតូធ្លាក់ប្រឡាយគ្មានទឹកបាក់កស្លាប់ម្នាក់ រងបួសធ្ងន់ម្នាក់ គេសង្ស័យថាជនរងគ្រោះបើកគេចពីការតាមកាប់របស់ក្រុមយុវជន១ក្រុមទៀតដើរលេងនៅពេលយប់ដែលមានជម្លោះនិងគ្នានោះ។ ហេតុការណ៍ កើតឡើងនៅវេលាម៉ោង១២ យប់អាធ្រាត្រ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅចំណុចខាងមុខខ្លោងទ្វារវត្តបឹងត្រាវ ក្នុងភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបុរី។ ជនរងគ្រោះទាំង២នាក់ត្រូវបានគេស្គាល់ឈ្មោះ ១,យឿន លីហយ ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នកបើកម៉ូតូម៉ាកហុងដា ឌ្រីមពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខបន្ទាយមានជ័យ1J-4362(ស្លាប់) រស់នៅភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក និង២,ឈ្មោះបូ រ៉ា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិទ្រាស ឃុំគោកកឋិន ស្រុកថ្មពួក រងរបួសធ្ងន់។
ករណីទី៣ សេចក្តីរាយការណ៍ឱ្យដឹងទៀតថា កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ មានរថយន្តធុនធំ ប៉ះជាមួយអ្នកជិះម៉ូតូឌុបគ្នា២នាក់ធ្វើដំណើរក្នុងទិសដៅស្របទិសគ្នាបណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ម្នាក់ចំណែកម្នាក់ទៀតរងរបួសស្រាល ខណៈដែលរថយន្តធុនធំ បើកបត់ឆ្វេងមិនប្រុងប្រយ័ត្នត្រូវបានម៉ូតូបើកល្បឿនលឿនមកពីខាងក្រោយបុកពេញទំហឹងតែម្តង។ ជនរងគ្រោះមានឈ្មោះ ១,ឈ្មោះវេត វ៉ាត ភេទប្រុស អាយុ១៨ឆ្នាំ រងរបួសស្រាល រស់នៅភូមិចំបក់មាស ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ២,ឈ្មោះអៀម ប្រឡាយ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិដំបូកខ្ពស់ ឃុំអូរដំបង ២ ស្រុកសង្កែ ខេត្តបាត់ដំបង៕
ដោយ៖ សំ វិច្ឆិកា