ទូកដឹកគ្រឿងញៀនរបស់ក្រុមឧក្រិដ្ឋជនគ្រឿងញៀនរបស់ប្រទេសវ៉េណេហ្ស៊ុយអេឡា ត្រូវបានបាញ់កម្ទេច

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ ២០២៥ បានផ្សាយឱ្យដឹងថា ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា យោធាអាមេរិកបានវាយប្រហារទូកមួយគ្រឿងទៀតរបស់ក្រុមឧក្រិដ្ឋជនគ្រឿងញៀនរបស់ប្រទេសវ៉េណេហ្ស៊ុយអេឡាដែលត្រូវបានចោទប្រកាន់ថា កំពុងធ្វើដំណើរឆ្ពោះមកសហរដ្ឋអាមេរិក។

នេះជាប្រតិបត្តិការលើកទីពីរដែលសហរដ្ឋអាមេរិកបានធ្វើឡើងប្រឆាំងនឹងទូកដែលសង្ស័យថាមានគ្រឿងញៀន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ។ តាមលោក ត្រាំ បុរស៣នាក់ត្រូវបានសម្លាប់ ដោយបន្ថែមថា វាបានធ្វើឡើងនៅក្នុងដែនទឹកអន្តរជាតិ ប៉ុន្តែលោកមិនបានផ្តល់ភស្តុតាងសម្រាប់ការអះអាងដែលថាទូកនោះកំពុងដឹកគ្រឿងញៀនឡើយ។
ខ្លឹមសារដែលលោក ត្រាំ បង្ហោះនៅលើ Truth Social បញ្ជាក់ថា «តាមការបញ្ជារបស់ខ្ញុំ កងកម្លាំងយោធាអាមេរិក បានធ្វើសកម្មភាពបង្រ្កាបជាលើកទីពីរ ប្រឆាំងក្រុមជួញដូរគ្រឿងញៀនដែលត្រូវបានកំណត់អត្តសញ្ញាណជាវិជ្ជមាន ដោយទីបញ្ជាការ SOUTHCOM របស់យើង។ ក្រុមទាំងនេះបង្កការគំរាមកំហែងដល់សន្តិសុខជាតិ គោលនយោបាយការបរទេស និងផលប្រយោជន៍សំខាន់ៗរបស់សហរដ្ឋអាមេរិក»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២ ខែកញ្ញា យោធាអាមេរិក បានវាយប្រហារទូកមួយគ្រឿងរបស់វ៉េណេហ្ស៊ុយអេឡា ដោយចោទប្រកាន់ថាអ្នកជិះទូកនោះ គឺជាសមាជិកនៃក្រុមជនអន្ធពាល Tren de Aragua ដោយបានសម្លាប់មនុស្ស ១១នាក់។ កាលណោះ រដ្ឋបាលត្រាំបានផ្តល់ព័ត៌មានតិចតួចប៉ុណ្ណោះ ទោះបីជាមានការទាមទារពីសមាជិកសភាអាមេរិកឱ្យបង្ហាញពីភាពត្រឹមត្រូវនៃសកម្មភាពនោះក៏ដោយ៕ ដោយធីរីណា

...

រូបថត​: CNN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print