កិច្ចប្រជុំយន្តការត្រីភាគីលើកទី២ រវាងក្រសួងទេសចរណ៍កម្ពុជា ស្ថានទូតចិនប្រចាំកម្ពុជា និងក្រុមហ៊ុនទេសចរណ៍ចិនធំៗនិងនាំមុខ ដើម្បីរួមគ្នាជំរុញកំណើនទេសចរចិន និងការតភ្ជាប់ផ្លូវអាកាសបន្ថែម

ចែករំលែក៖

ភ្នំពេញ ៖ ទីស្តីការក្រសួងទេសចរណ៍ រសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំយន្តការត្រីភាគី លើកទី២ រវាងក្រសួងទេសចរណ៍កម្ពុជា ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងក្រុមហ៊ុនទេសចរណ៍ចិនធំៗ ជាច្រើន ដោយមានការចូលរួមពីលោក Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា លោក Li Chuan អនុប្រធានមន្ទីរវប្បធម៌ ទេសចរណ៍ខេត្តជាំងស៊ូ លោក Gou Kaibo អនុប្រធានមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តយូណាន, លោកស្រី Zheng Lijuan នាយកប្រតិបត្តិ China Tourism Group Travel Services Corporation Limited (CTG Travel), លោកស្រី Zhang Ying អនុប្រធានស្ថានីយ៍ទូរទស្សន៍ វិទ្យុ ខេត្តយូណាន, លោក Zhang Wu’an អនុប្រធានក្រុមហ៊ុនអាកាសចរណ៍ Spring Airline ព្រមទាំង លោក លោកស្រីជាថ្នាក់ដឹកនាំក្រសួង លោកនាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងវិស័យឯកជនកម្ពុជា ដើម្បីពិភាក្សាផ្លាស់ប្តូរទស្សនៈយោបល់ស៊ីជម្រៅលើការអភិវឌ្ឍន៍វិស័យទេសចរណ៍ តាមរយៈការប្រជុំអនឡាញ។

ថ្លែងក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានស្នើលោកអគ្គរដ្ឋទូត មន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តជាំងស៊ូ និងខេត្តយូណាន ក៏ដូចជាវិស័យឯកជនចិន ជួយជំរុញដល់ការទាក់ទាញ និងនាំយកនូវក្រុមហ៊ុនអាកាសចរណ៍ក្នុងខេត្តរបស់ខ្លួន ក៏ដូចជាខេត្តផ្សេងៗទៀតក្នុងប្រទេសចិន ធ្វើការហោះហើរទៅកាន់គោលដៅទេសចរណ៍សំខាន់ៗ របស់ប្រទេសកម្ពុជាដូចជា ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដើម្បីជំរុញការតភ្ជាប់ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាជននៃប្រទេសទាំងពីរ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានស្វាគមន៍វិស័យឯកជនចិនដែលមានវត្តមាន និងស្នើជួយកៀរគរដៃគូរ ឬ បុត្រសម្ព័ន្ធរបស់ខ្លួន មកវិនិយោគនៅប្រទេសកម្ពុជាក្នុងវិស័យទេសចរណ៍ និងវិស័យសក្តានុពលដ៏ទៃទៀត ដោយនាពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់នូវការលើកទឹកចិត្ត និងអាទិភាពបង្កបរិយាកាសអំណោយផលជាច្រើន ដល់វិនិយោគិនបរទេសមកវិនិយោគនៅប្រទេសកម្ពុជា។
លោករដ្ឋមន្ត្រី ក៏បានស្នើរៀបចំផែនការសកម្មភាព និងអនុវត្តជាក់ស្តែងជំរុញកិច្ចប្រតិបត្តិការជាក់ស្តែង និងសកម្មលើអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះកន្លងមក ក៏ដូចជាការៀបចំ Famtrip និងការថតភាពយន្តទេសចរណ៍ (Film Tourism) រវាងកម្ពុជា-ចិនឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។

រាល់ភាគីដែលបានចូលរួម បានឯកភាពអនុវត្តឱ្យបានជាក់ស្តែង និងសកម្មលើចំណុចដែលបានពិភាក្សាក្នុងកិច្ចប្រជុំដែលផ្តោតលើការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ធំៗ និងមានលក្ខណៈទាក់ទាញ ការសម្របសម្រួលការធ្វើដំណើរទៅមករវាងប្រជាជនទាំងពីរឱ្យបានងាយស្រួល និងការតភ្ជាប់ផ្លូវអាកាសឱ្យកាន់តែច្រើនគោលដៅ ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា-ចិន ឱ្យកាន់តែទូលំទូលាយ និងទាក់ទាញភ្ញៀវទេសចរប្រទេសទាំងពីរ និងអន្តរជាតិមកទេសចរប្រទេសទាំងពីរឱ្យកាន់តែច្រើនបន្ថែមទៀត ៕

...

ប្រភព ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print