ខេត្តកំពង់ស្ពឺ៖ ទំហំទឹកប្រាក់សរុបប្រមាណជាង ១០លានដុល្លារអាម៉េរិក ត្រូវបានបោះទុនវិនិយោគបង្កើតរោងចក្រជាច្រើនកន្លែង ស្ថិតនៅស្រុកគងពិសី និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោយទទួលបានគម្រោងវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC។
ជាក់ស្ដែងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតអំពូលភ្លើង និងអំពូលភ្លើងលម្អគ្រប់ប្រភេទ ក្នុងទំហំទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៣១កន្លែង។
CDC ក៏បានចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ និងសម្ភារៈសម្រាប់ពិធីបុណ្យគ្រប់ប្រភេទពីប្លាស្ទិក ក្នុងទំហំទុនវិនិយោគប្រមាណ ៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៩០កន្លែង។
ដោយឡែកកាលពីម្សិលមិញនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏សូមចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតផលិតផលពីលោហៈ ក្នុងទំហំទុនវិនិយោគប្រមាណ ៩,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៣០កន្លែង៕