ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតត្រឹមថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដំឡើងផ្ទាំងផ្សព្វផ្សាយយុទ្ធនាការ “ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ” នៅ ៧ទីតាំង ដើម្បីសម្រួលដល់ការរកការងារធ្វើដល់ពលរដ្ឋខ្មែរ ជាពិសេសពលករខ្មែរដែលបានត្រឡប់មកពីថៃ។
ទីតាំងទាំង៧នោះរួមមាន ផ្លូវជាតិលេខ១ ខាងមុខភោជនីយដ្ឋានប្រណិត, ផ្លូវជាតិលេខ២ ហួសរូបសំណាក់ស្ត្រីបីគួរស្រូវ, ផ្លូវជាតិលេខ៤ នៅព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ និងស្រុកអង្គស្នួល, ផ្លូវលេខ២០១១ ផ្លូវឧកញ៉ា ទ្រី ហេង ខាងមុខផ្សារទំនើប ឡាក់គី ឈូកមាស, ផ្លូវជាតិលេខ៥ ខាងមុខវត្តទេពប្រណំ ជិតដល់ចំណុចប្រសប់ផ្លូវ៥១, ផ្លូវជាតិលេខ៥ ខេត្តពោធិ៍សាត់ ជិតដល់ផ្លូវបំបែករូបសំណាក់ផ្តិល និងផ្លូវជាតិលេខ៦ ជិតវត្តគៀនឃ្លាំង។
បើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានលើកឡើងថា ការដំឡើងផ្ទាំងផ្សព្វផ្សាយទាំងនេះ គឺបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលមានក្រសួងការងារជាសេនាធិការ និងដើម្បីបង្កើនភាពងាយស្រួលបន្ថែមទៀតដល់បងប្អូនពលរដ្ឋខ្មែរ ជាពិសេសពលករខ្មែរដែលទើបមកពីថៃក្នុងការរកការងារធ្វើ ឬសិក្សាជំនាញបន្ថែម។
អ្នកនាំពាក្យរូបនេះ គូសបញ្ជាក់ថា៖ “ការដំឡើងផ្ទាំងផ្សព្វផ្សាយការរកការងារធ្វើនេះ មិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកម្ពុជាដល់ពលរដ្ឋខ្មែរដែលចង់ស្វែងរកការងារធ្វើនោះទេ តែវាផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់បងប្អូនពលរដ្ឋខ្មែរក្នុងការចុះឈ្មោះចូលធ្វើការ ឬចុះឈ្មោះរៀនជំនាញ ដោយគ្រាន់តែស្កេនកូដ QR នៅលើផ្ទាំងផ្សព្វផ្សាយទាំងនោះ ដើម្បីចុះឈ្មោះជាការស្រេច”។
ជាមួយគ្នានេះ លោកអ្នកនាំពាក្យរូបនេះ ក៏សូមអំពាវនាវដល់បងប្អូនពលរដ្ឋខ្មែរគ្រប់រូបដែលចង់រកការងារធ្វើសូមទាក់ទងមកលេខ ១២៩៧ ឬស្កេនកូដ QR រកការងារ ដែលអាចរកបាននៅក្នុងបណ្តាញសង្គមរបស់ក្រសួងការងារ និង NEA ដើម្បីចុះឈ្មោះចូលធ្វើការឱ្យបានគ្រប់ៗគ្នា។
សូមជម្រាបជូនថា ដើម្បីជួយផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការបានដាក់ចេញយុទ្ធនាការជាច្រើនដូចជា ការដាក់មណ្ឌលសំចត ឬកន្លែងទទួលពលករនៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជានិងថៃចំនួន ៦កន្លែង ការធ្វើវេទិកាការងារតាមភូមិស្រុកដោយនាំយករោងចក្រសហគ្រាសទៅជាមួយ ការធ្វើវេទិកាការងារជាប្រចាំនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងទីស្នាក់ការប.ស.ស.ទូទាំងប្រទេស និងការសម្របសម្រួលជាមួយរោងចក្រសហគ្រាសសម្រាប់ការចូលបំពេញការងាររបស់បងប្អូនប្រជាពលរដ្ឋខ្មែរ។ បន្ថែមពីនេះ ក្រសួងការងារបានរៀបចំប្រព័ន្ធ hotline ១២៩៧ សម្រាប់សម្រួលដល់ការស្វែងរកការងារធ្វើរបស់ពលរដ្ឋខ្មែរផងដែរ៕