ខេត្តពោធិ៍សាត់ ៖ ពិតជាគ្រោះថ្នាក់ណាស់ជាក់ស្ដែង កុមារាម្នាក់បានបាត់ខ្លួនយូថ្ងៃទើបរកសពឃើញ ក្រោយតោងខ្សែពួរហែលទឹកឆ្លងស្ទឹងជាមួយជីតា នេះបើតាមសេចក្ដីរាយការណ៍អ្នកភូមិវាលវង់ កាលពីរសៀលម្សិលមិញ ថ្ងៃអង្គារ ៩រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្គស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ។
ប្រភពព័ត៌មានឲ្យដឹងទៀតថា ហេតុការណ៍ដ៍មហាសែនសង្វេគនេះ បានកើតឡើងត្រូង់ទឹកស្ទឹងដែលកំពុងឃ្មួលឃ្មាញ ស្ថិតនៅភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ប្រភពបញ្ជាក់ទៀតថា កុមារារងគ្រោះឈ្មោះ លី កូប អាយុ ១១ឆ្នាំ រស់នៅភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ សពកុមារាបានរកឃើញចម្ងាយប្រមាណ១គីឡូម៉ែត្រ ពីកន្លែងកើតហេតុ(តោងខ្សែពួរឆ្លងស្ទឹង)។
ប្រភពបញ្ជាក់បន្ថែមថា កុមារារងគ្រោះតោងខ្សែពួរហែលឆ្លងស្ទឹងជាមួយជីតាឈ្មោះ ជាប សុផល អាយុ ៧៤ឆ្នាំ រស់នៅភូមិ.ឃុំជាមួយគ្នា ដោយលោកតា(ជាប សុផល)តោងខ្សែពួរហែលពីមុខ ដោយរងគ្រោះ(លី កូប)តោងខ្សែពួរហែលតាមក្រោយ ជាអកុសល់ចៅបានរបូតដៃទឹកហូរគូចលិចបាត់ទៅ តាពុំបានជួយសង្រ្គោះចៅបានទេពីព្រោះទឹកហូរខ្លាំងណាស់ ពិតជាគ្រោះថ្នាក់ពេកហើយ សង្វេគណាស់ ។ ធម្មតា! ជាទម្លាប់អ្នកភូមិទៅព្រៃឬទៅស្រែចម្ការនៅតំបន់នោះ ជាពិសេសខែទឹកជនតែងតែនាំគ្នាធ្វើបែបនេះ ដូច្នេះខ្សែពួរដ៍ធំល្មមនេះ គេចង់នឹងដើមឈើពីច្រាំងស្ទឹងម្ខាងទៅច្រាំងស្ទឹងម្ខាងទៀតនៅទីនោះជាប្រចាំ ។ ករណីរកឃើញសពកុមារាលង់ទឹកខាងលើ សមត្ថកិច្ចជំនាញពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន សហការចុះពិនិត្យ និងធ្វើស្រាវជ្រាវ ធ្វើកំណត់ហេតុត្រឹមត្រូវ ទើបប្រគល់សពជូនក្រុមគ្រួសារ ដើម្បីចាត់ចែងតាមប្រពៃណី ៕ ដោយៈ ប៉ឹម ពិន