ខេត្តសៀមរាប ៖ ១គ្រួសារមានគ្នា៣នាក់ (ប្តី,ប្រពន្ធ និងកូនស្រី) ជួបឧប្បទ្ទេវហេតុលិចកាណូតស្មាច់ បណ្តាលឱ្យស្លាប់ទាំង៣នាក់ ខណៈនៅមិនទាន់រក(សព)ប្រពន្ធ ឃើញនៅឡើយ គិតមកដល់ម៉ោង១០ព្រឹកថ្ងៃទី១៧ កញ្ញា នេះ ។
ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះ កើតឡើងកាលពីវេលាម៉ោង១៩យប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចទ្វារទឹកចុងភូមិស្ទឹងព្រះស្រុក ក្នុងភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ។
បើតាមប្រភពពីកម្លាំងកងរាជអាវុធហត្ថស្រុកពួក បានប្រាប់ឱ្យដឹងថា មានករណីទឹកកួចលិចកាណូតស្មាច់១ គ្រឿង ផ្នែកខាងលើទ្វារទឹក(ខាងជើង)បណ្ដាលឱ្យលិចទឹកស្លាប់មនុស្សចំនួន៣នាក់ គឺប្តីប្រពន្ធ និងកូនស្រី ។
ប្រភពបន្តថា ជនរងគ្រោះដែលស្លាប់ ១- ឈ្មោះ ឌិត ឌា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ ធ្វើស្រែជាប្តី,២- ឈ្មោះតែម សាលិត ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរ ធ្វើស្រែ ជាប្រពន្ធរកសពមិនទាន់ឃើញ និង៣- ឈ្មោះ ឌិត សិរី អាយុ១៣ឆ្នាំ ភេទស្រីមុខរបរសិស្សជាកូន។ ជនរងគ្រោះទាំង៣នាក់ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ។
នៅមុនពេលកើតហេតុ ជនរងគ្រោះនាំគ្នាបើកកាណូតស្មាច់ទៅរកចាប់នុយកូនក្អាត់(សត្វ) ដើម្បីរាយសន្ទួច យកមកធ្វើម្ហូប តែមិនដឹងយ៉ាងម៉េច ក៏ជួបគ្រោះអកុសលលិចតែម្តងទៅ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចចម្រុះ និងបងប្អូនប្រជាពលរដ្ឋកំពុងចុះរាវរកសពស្ត្រីជាប្រពន្ធបន្តទៀត៕