ខេត្តកំពង់ឆ្នាំង ៖ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥នេះ ច្រកចេញចូលតែមួយខេត្តកំពង់ឆ្នាំង បានផ្ដល់សេវាជូនប្រជាពលរដ្ឋសរុបចំនួន ១១៩.១៧០សេវា។ នេះបើតាម លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង ថ្លែងក្នុងបទសម្ភាស ជាមួយទូរទស្សន៍មហាផ្ទៃ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ស្តីពី វឌ្ឍនភាពការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង។
ក្នុងចំណោមសេវាជាង១សែននោះ លោកអភិបាលរងខេត្ត បានលម្អិតថា អង្គភាពច្រកចេញចូលតែមួយខេត្ត ផ្ដល់បាន៩.២៨២សេវា ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ផ្ដល់បាន៦៤.២៦៣សេវា និងយន្តការច្រកចេញចូលតែមួយឃុំ សង្កាត់ផ្ដល់បាន ៤៥.៦២៥សេវា។
បើតាមលោក សាន់ យូ ក្រៅពីការងារផ្ដល់សេវា រដ្ឋបាលខេត្តក៏បានបណ្ដុះបណ្ដាលដល់មន្ត្រីរដ្ឋបាលឃុំ សង្កាត់ គ្រប់ឃុំ សង្កាត់ អំពើយន្តការច្រកចេញចូលតែមួយរបស់រដ្ឋបាលឃុំ សង្កាត់។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានចុះ MOU ជាមួយប្រៃសណីយ៍កម្ពុជា ដើម្បីសហការផ្ដល់សេវាដឹកជញ្ជូនឯកសារតាមប្រៃសណីយ៍ជូនប្រជាពលរដ្ឋផងដែរ។
ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការផ្ដល់សេវា លោក សាន់ យូ រៀបរាប់ថា ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំងតែងលើកទឹកចិត្ត និងជំរុញដល់មន្ត្រីដែលជាអ្នកផ្ដល់សេវា ខិតខំពង្រឹងអភិវឌ្ឍសមត្ថភាព ដើម្បីធ្វើយ៉ាងណាឱ្យការផ្ដល់សេវាជូនប្រជាពលរដ្ឋបានកាន់តែល្អប្រសើរថែមទៀត។
លោកអភិបាលរងខេត្ត បញ្ជាក់ឱ្យដឹងថា «ជាក់ស្ដែងចាប់តាំងដើមឆ្នាំ២០២៥មក សម្រាប់ការផ្ដល់សេវាពន្យារឬទុតិយាបណ្ណបើកបរគឺប្រជាពលរដ្ឋចំណាយពេលស្នើសុំត្រឹមតែ២០នាទី ពួកគេអាចទទួលបានលទ្ធផលសម្រេចទៅប្រើប្រាស់បានភ្លាមៗតែម្ដង។ នេះហើយជាអ្វីដែលរដ្ឋបាលខេត្តបានខិតខំប្រឹងប្រែងកន្លងមកនិងបន្តប្ដេជ្ញាបន្ថែមទៀត ដើម្បីឱ្យសេវាជាច្រើនផ្សេងៗទៀតអាចដំណើរការបានឆាប់រហ័សដូចគ្នាដែរ»។
សូមបញ្ជាក់ថា ខេត្តកំពង់ឆ្នាំង មាន១ក្រុង និង៧ស្រុក មាន៧១ ឃុំ សង្កាត់ ភូមិ មានចំនួន៥៦៩ភូមិ និងមានប្រជាជនរស់នៅសរុប ១៥៨.៧៤៣គ្រួសារ ស្មើនឹង៦១៤.៥២៣នាក់ ស្រី៣១៧.៨២២នាក់៕
ដោយ ៖ កញ្ញា សេង សុខហ៊ុន អ្នកនាំពាក្យក្រសួងមហាផ្ទៃ