ភ្នំពេញ៖ ស្ថានទូតបារាំង នឹងចាប់ផ្តើមបើកទ្វារទទួលសាធារណជនពីម៉ោង៨ព្រឹក ដល់ ម៉ោង៤រសៀល ក្នុងឱកាសទិវាបេតិកភណ្ឌ។ ស្ថានទូតបារាំង នឹងអនុញ្ញាតឱ្យអ្នកទស្សនាស្វែងយល់ពីសំណង់អគារនានា ដែលពោរពេញដោយប្រវត្តិសាស្រ្ត ជាពិសេស ចូលកម្សាន្តនៅក្នុងឧទ្យានស្ថានទូតទំហំជិត៥ហិកតា ដែលជាលំហបៃតងធំជាងគេមួយនៅភ្នំពេញ ហើយក៏ជាទីកន្លែងមនោរម្យមួយសម្រាប់ស្រូបខ្យល់អាកាសបរិសុទ្ធនៅកណ្តាលរាជធានី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជានៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ។
ឧទ្យាននេះមានប្រព័ន្ធអេកូឡូហ្ស៊ីជីវៈចម្រុះ ជាមួយដើមឈើប្រមាណ២០០ដើម សិ្ថតក្នុង៥០ប្រភេទខុសៗគ្នា និងពពួកសត្វចម្រុះជាង២៥០ប្រភេទ ក្នុងនោះមានថនិកសត្វ សត្វស្លាប ល្មូន ថលជលិកសត្វ និងសត្វល្អិតផ្សេងៗ ដែលត្រូវបានចុះក្នុងបញ្ជីសារពើភ័ណ្ឌលម្អិតកាលពីពេលថ្មីៗនេះ។ សកម្មភាពនានាដែលត្រូវបានធ្វើឡើងដើម្បីអភិរក្សព្រៃឈើ និងសត្វ ក្នុងឧទ្យានបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសបារាំងក្នុងការការពារបរិស្ថាន និងជីវៈចម្រុះ។ ក្រៅពីនេះ សាធារណជននឹងអាចទស្សនាកន្លែងចងចាំប្រវត្តិសាស្រ្តមួយ នោះគឺអតីតទ្វាររបងរបស់ស្ថានទូតដែលជាសាក្សីនៃការដួលរលំទីក្រុងភ្នំពេញនៅខែមេសា ឆ្នាំ១៩៧៥ ហើយដែលត្រូវបានរក្សាទុករហូតមកដល់សព្វថ្ងៃ។
ការទស្សនាស្ថានទូតបារាំងធ្វើឡើងដោយមិនគិតថ្លៃ និងពុំចាំបាច់ចុះឈ្មោះជាមុន ប៉ុន្តែ ចំនួនអ្នកទស្សនាអាចនឹងមានច្រើន ជាពិសេស នៅពេលព្រឹកដែលតម្រូវឱ្យមានការឈរតម្រង់ជួរ។ ដោយសារហេតុផលសន្តិសុខ កាបូបធំៗ និងសម្ភារៈដែលអាចបង្កគ្រោះថ្នាក់ មិនអនុញ្ញាតឱ្យយកចូលស្ថានទូតទេ។ ស្ថានទូតបារាំងរក្សាសិទ្ធិក្នុងការបន្ថយ ម៉ោងទស្សនាក្នុងករណីមានភ្លៀងធ្លាក់ខ្លាំង ឬខ្យល់បោកបក់ខ្លាំង។
បន្ទាប់ពីទិវាបេតិកភណ្ឌ ឧទ្យានស្ថានទូតបារាំង នឹងបើកជូនសាធារណជនចូលទស្សនាម្តងទៀតក្នុងប៉ុន្មានសប្តាហ៍ខាងមុខ ពោលគឺនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសនៃការរៀបចំពិព័ណ៌ផ្សារបារាំង៕