ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ សភាស៊ើបសួរសាលាឧទ្ធរណ៍ បានបើកសវនាការជាអសាធាណៈនិងប្រកាសសាលដីកា ច្រានចោលបណ្តឹងរបស់ក្រុមមេធាវីការពារក្ដីលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលប្តឹងមោឃភាពដីកាដំណោះស្រាយរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។
មេធាវីការពារក្ដីលោក កឹម សុខា លោក ចាន់ ចេន ថ្លែងតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី៥ ខែកញ្ញា ថា សភាស៊ើបសួរសាលាឧទ្ធរណ៍ សម្រេចច្រានចោលបណ្តឹងរបស់ក្រុមមេធាវី ដែលប្តឹងសុំមោឃភាពដីកាដំណោះស្រាយ ។
លោកមេធាវី បញ្ជាក់ថា ការប្តឹងនេះ ក៏ប្រឆាំងនឹងគម្រោងសវនាការកាត់ទោសលោក កឹម សុខា នៅថ្ងៃទី៩ ខែកញ្ញា ខាងមុខនេះដែរ ។
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ជាប់ចោទពីបទ ” បដិសេធក្នុងការចូលខ្លួន ” ដែលតុលាការចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង ដែលកន្លងមក លោក កឹម សុខា ខកខានពីរលើកក្នុងការចូលបំភ្លឺតុលាការ ក្នុងនាមសាក្សីករណីសញ្ចារកម្មដែលមាននាងខុម ចាន់តារាទី ហៅស្រីមុំ ជាជនរងគ្រោះ ។
សំណុំរឿងនេះ នឹងត្រូវសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ខាងមុខនេះ ដោយមានលោក កែវ មុនី ជាចៅក្រមជំនុំជម្រះ ៕
ដោយ៖ ចេស្តា