ខ្សែបម្រើThomas Partey របស់ក្លិប Villarreal បានបង្ហាញខ្លួននៅក្នុងតុលាការទីក្រុងឡុងដ៍ កាលពីថ្ងៃពុធហើយបានឆ្លើយបំភ្លឺថាមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ និងការរំលោភបំពានផ្លូវភេទដែលពាក់ព័ន្ធនឹងស្ត្រីបីនាក់នោះទេ។
កីឡាករអន្តរជាតិហ្គាណាThomas Partey ត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈចំនួន 5 ករណីទាក់ទងនឹងស្ត្រីពីរនាក់ បូករួមទាំងការចោទប្រកាន់ពីបទរំលោភផ្លូវភេទលើស្ត្រីទីបីនៅចន្លោះខែមេសា ឆ្នាំ2021 ដល់ខែមិថុនា ឆ្នាំ2022។
ការចោទប្រកាន់នេះបានកើតឡើងនៅពេលដែល Partey លេងឱ្យក្លិបបាល់ទាត់ Arsenalនៅអង់គ្លេស Premier League ។
គាត់បានចាកចេញពីក្លិបនៅរដូវក្តៅនេះ ហើយបានចុះហត្ថលេខាជាមួយ Villarreal របស់អេស្ប៉ាញ។
Parteyត្រូវបានដោះលែងឱ្យនៅក្រៅឃុំ មុនពេលការកាត់ក្តីរបស់គាត់ ដែលត្រូវបានចុះបញ្ជីនៅថ្ងៃទី 2 ខែវិច្ឆិកា ឆ្នាំ 2026។
គាត់ត្រូវបាន Arsenal ចុះហត្ថលេខាទិញពី Atletico Madrid ក្នុងតម្លៃ 50 លានអឺរ៉ូ (59.2 លានដុល្លារ) ក្នុងឆ្នាំ2020 ហើយបានក្លាយជាសមាជិកសំខាន់នៃក្រុមដំបូងរបស់អង់គ្លេស មុនពេលកិច្ចសន្យារបស់គាត់ផុតកំណត់នៅចុងខែមិថុនា៕