ក្រសួងទេសចរណ៍ ខេត្តកំពង់ឆ្នាំង និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងវិស័យទេសចរណ៍និងជំរុញការប្រើប្រាស់App NoDrug

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖​ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកំពង់ឆ្នាំង និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងវិស័យទេសចរណ៍តាមរយៈសិក្ខាសាលាផ្សព្វផ្សាយអប់រំស្ដីពីគ្រោះថ្នាក់នៃគ្រឿងញៀនក្នុងវិស័យទេសចរណ៍ ក្រោមអធិបតីភាពលោក នួន សុមេធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាតំណាង លោក ហួត ហាក់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានអ្នកចូលរួមជិត១០០នាក់មកពីមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកំលាំង ប្រតិបត្តិករក្នុងវិស័យទេសចរណ៍ និងអ្នកពាក់ព័ន្ធនានា។

ថ្លែងក្នុងនាម លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងអំណរគុណនិងបច្ចុប្បន្នភាពនៃស្ថានភាពគ្រឿងញៀនព្រមទាំងបានបញ្ជាក់ពីភាពចាំបាច់ការចូលរួមរបស់រដ្ឋបាលរាជធានីខេត្តក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនកុំឱ្យរីករាលដាលក្នុងសហគមន៍ ការបំផុសស្មារតីចូលរួម និងការបំផុស ជំរុញឱ្យប្រជាពលរដ្ឋទាញយកនិងប្រើប្រាស់App NoDrug ចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយគ្រាន់តែចុចរាយការណ៍តាមទូរសព្ទដៃរបស់ពួកគាត់ដើម្បីយកបញ្ហាគ្រឿងញៀនចេញពីសហគមន៍។

លោក ឡោ សុវិជ្ជា អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានផ្សព្វផ្សាយនូវផែនការលេខ០១ផកស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ និងសេចក្ដីណែនាំស្ដីពីការអនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ របស់ក្រសួងទេសចរណ៍។

ក្នុងនាមលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង  ក្នុងឱកាសនោះ លោក នៃ ចារី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន បានថ្លែងអំណរគុណដល់ក្រសួងទេសចរណ៍ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគ្រប់សមាសភាពទាំងអស់ដែលបានរួមគ្នាជួយលើកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនហើយខេត្តនឹងបន្តដាក់វិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមបទដ្ឋានគតិយុត្តិនានា ដើម្បីបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន ការពារយុវជនដែលជាធនធានបន្តវេនផ្ដល់នូវទំនុកចិត្តដល់អ្នកទេសចរណ៍ឱ្យមកទស្សនាខេត្តកំពង់ឆ្នាំងជាខេត្តបឹងទន្លេសាបដ៏ស្រស់ត្រកាលមួយនេះ។

ក្នុងនាម ហួត ហាក់ រដ្ឋមន្រ្តី ក្នុងឱកាសនោះ លោក នួន សុមេធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានណែនាំឱ្យបន្តចូលរួម អនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ អនុវត្តបទបញ្ជាលេខ ០១ បប អនុវត្តវិធានការដ្ឋបាលចំពោះអាជីវកម្មឱ្យស្របច្បាប់ស្តីពីទេសចរណ៍និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនតាមទិសស្លោក “៣កុំ ១រាយការណ៍ ប្រើប្រាស់App NoDrugគ្រប់គ្នា និងសហការបញ្ជូនអ្នកញៀនគ្រឿងញៀនទៅទទួលយកសេវាព្យាបាលដោយឥតគិតថ្លៃនៅតាមមណ្ឌលសុខភាព ដើម្បីឆ្លើយតបជាមួយរាជរដ្ឋាភិបាលដែលមានឆន្ទៈមុតស្រួចក្នុងការលុបបំបាត់គ្រឿងញៀន។

ជាមួយគ្នានេះដែរ វាគ្មិនឧត្តមសេនីយ៍ត្រី យិន យឿត បានធ្វើបទបង្ហាញពីច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀននិងធ្វើការពិភាក្សាលើករណីសិក្សាចំនួន៤ ទាក់ទងនឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងវិស័យទេសចរណ៍ និងការទាញយកនិងប្រើប្រាស់កម្មវិធីទូរសព្ទដៃNoDrug ដើម្បីទទួលចំណេះដឹង ព័ត៌មាន កំសាន្ត អប់រំ ព្យាបាល ជាពិសេសការរាយការណ៍រាល់គ្រប់ករណីបទលើ្មសគ្រឿងញៀនដើម្បីទទួលបានការដោះស្រាយ រហ័ស មានសុវត្ថិភាពដល់អ្នករាយការណ៍១០០%៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print