ភ្នំពេញ÷ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ០៣:៣០នាទីទៀបភ្លឺ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទរំលោភលើទំនុកចិត្ត(ខ្ចីទូរស័ព្ទដៃ០១គ្រឿងម៉ាក tecno spark ហើយរត់គេចខ្លួន) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៤២ ផ្លូវលេខ៣៨៥ ក្រុមទី៤ ភូមិ២ សង្កាត់បឹងសាឡង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
មន្ត្រីនគរបាលខណ្ឌទួលគោកឲ្យដឹងថា ជនសង្ស័យ ឈ្មោះ កែវ ស្រីទូច ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ (ស្រីតែងខ្លួនជាប្រុស) មុខរបរនិងស្នាក់នៅមិនពិត ប្រាកដ មានទីកន្លែងកំណើតភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។
សមត្ថកិច្ចចាប់បានវត្ថុតាងទូរស័ព្ទដៃ០១គ្រឿងម៉ាក tecno sparkពណ៍ស ជារបស់ជនរងគ្រោះដែលជនសង្ស័យឈ្មោះ កែវ ស្រីទូច ខ្ចីហើយរត់គេចខ្លួននៅពេលកើតហេតុត្រូវបានជនរងគ្រោះដេញប្រផាប់ប្រភីងយកមកវិញ។
នគរបាលបានឲ្យដឹងថាជនរងគ្រោះជាម្ចាស់ទូរសព្ទឈ្មោះ សែម ផាន់ណេត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៧២ ផ្លូវលេខ៣៨៥ ក្រុមទី៤ ភូមិ២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕