ភ្នំពេញ : ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់បានបង្ហាញឲ្យឃើញថា ចាប់តាំងពីមានកិច្ចព្រមព្រៀងបទឈប់រវាងកម្ពុជា-ថៃដែលបានធ្វើឡើងនៅប្រទេសម៉ាឡេស៊ីចូលជាធរមានមក គេសង្កេតឃើញមានសញ្ញាផុយស្រួយ ភាពគឃ្លើនបង្ហាញយ៉ាងច្បាស់ថា ប្រទេសថៃបាននិងកំពុងប្រព្រឹត្តអំពើរំលោភបទឈប់បាញ់យ៉ាងជាក់ច្បាស់ដោយមិនអាចប្រកែកបានឡើយ។ សកម្មភាពបំពានបទឈប់បាញ់ គឺបានចាប់ផ្តើមតាមរយៈការឈ្លានពានទឹកដីកម្ពុជា ជាបន្តបន្ទាប់និងបានព្យាយាមយកច្បាប់របស់ខ្លួនមកអនុវត្តលើទឹកដីដែលជាដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា។ ទង្វើនេះ មិនត្រឹមតែជាការរំលោភអធិបតេយ្យនិងឯករាជ្យភាពរបស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាជាការបំពានទៅលើសិទ្ធិនិងច្បាប់អន្តរជាតិដែលបានទទួលស្គាល់ជាសកល។
ទោះបីជាកម្ពុជាបានខិតខំរក្សាភាពអត់ធ្មត់ដោយផ្តោតការយកចិត្តទុកដាក់លើសន្តិភាព និងការចង់រក្សាឲ្យបាននូវបទឈប់បាញ់ឲ្យមានប្រសិទ្ធភាពក្តី ក៏យើងមិនអាចមើលរំលងអំពើការដែលប្រទេសថៃកំពុងរំលោភដែនដី និងសិទ្ធិរស់នៅរបស់ពលរដ្ឋស៊ីវិលរបស់ប្រជាពលរដ្ឋកម្ពុជាបានឡើយ។ សិទ្ធិរបស់ប្រជាពលរដ្ឋកម្ពុជាស្នាក់នៅលើទឹកដីរបស់ខ្លួននោះគឺជាកម្មសិទ្ធិអចិន្ត្រៃយ៍និងមិនអាចចែករំលែកជាមួយអ្នកណាឬប្រទេសណាមួយបានឡើយ។
អំពើឈ្លានពានរបស់ថៃប្រាដកជាមានមូលហេតុពីការគិតថា ខ្លួនមានប្រៀបឬមានហេតុផលផ្សេងដែលគេមិនអាចរង់ចាំបានយូរសម្រាប់តំបន់ទឹកដីជាប់ព្រំប្រទល់កម្ពុជា-ថៃនេះ ក្នុងការដណ្តើមវាតទីតាមរយៈការបង្កសង្គ្រាមបង្ហូរឈាមដើម្បីពង្រីកទឹកដី។ សកម្មភាពពិតជាក់ស្តែង និងបានកើតមានឡើង គឺថៃយកច្បាប់របស់ខ្លួនមកអនុវត្តលើទឹកដីកម្ពុជា គឺជាវិធីមួយក្នុងការបង្ហាញអំណាចនិងបង្កើតទម្រង់ប៉ុនប៉ងរំលោភឈ្លានពានលើសិទ្ធិអធិបតេយ្យភាពរបស់កម្ពុជា។ ទោះយ៉ាងណា ប្រវត្តិសាស្ត្រនិងឯកសារអន្តរជាតិជាច្រើនបានបញ្ជាក់យ៉ាងច្បាស់ថា ដែនដីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់តាមសន្ធិសញ្ញានិងកិច្ចព្រមព្រៀងយ៉ាងច្បាស់លាស់។ ការបំពានទាំងឡាយណាគឺជាការធ្វើឲ្យប៉ះពាល់ដល់ច្បាប់អន្តរជាតិនិងគោលការណ៍របស់អាស៊ានផ្ទាល់។
កម្ពុជាមានគោលការណ៍ច្បាស់ថា សន្តិភាពគឺជាគោលដៅនិងការអត់ធ្មត់ជាវិធីសាស្ត្រដ៏សំខាន់ដែលកំពុងប្រកាន់យក។ ការមិនប្រើកម្លាំងនិងការរង់ចាំឱកាសសមស្របជាមួយនឹងការបង្ហាញភាពអត់ធ្មត់ គឺជាយុទ្ធសាស្ត្រដែលអាចនាំកម្ពុជាឲ្យទទួលបាននូវជ័យជម្នះនិងក៏សម្រាប់ភាពសុខសាន្តរបស់ប្រជាជននៃប្រទេសទាំងពីរផងដែរ។
យ៉ាងណាមិញ វាមិនមែនមានន័យថា កម្ពុជានឹងធ្វើដូចជាមិនឮឬមិនឃើញនោះទេ។ ព្រះរាជាណាចក្រកម្ពុជាបាននិងកំពុងប្រើប្រាស់ទាំងវិធានការទូត ការចូលរួមក្នុងក្របខ័ណ្ឌអន្តរជាតិ ដោយការយកបញ្ហាទាំងអស់នោះទៅពិភាក្សាក្នុងអាស៊ាននិងក្នុងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធផ្សេងៗដើម្បីធានាថា សិទ្ធិអធិបតេយ្យរបស់កម្ពុជានឹងមិនត្រូវបានបាត់បង់ទៅឲ្យចោរឈ្លានពានថៃទោះមួយចំណែកតូចណាមួយក៏ដោយ។
ជាជនជាតិកម្ពុជា យើងត្រូវមានការឯកភាពក្នុងការការពារដែនដីនិងសិទ្ធិរបស់ជាតិ។ ការបង្ហាញស្មារតីសាមគ្គីភាព ជួយលើកកម្ពស់សំឡេងតែមួយរបស់ប្រជាជាតិកម្ពុជាក្នុងក្របខ័ណ្ឌអន្តរជាតិគឺជារឿងដែលថ្នាក់ដឹកនាំមិនដែលមើលរំលងឡើយ។ ជាមួយគ្នានេះ យើងក៏ទាមទារឲ្យអង្គការអន្តរជាតិនិងបណ្តាប្រទេសជាមិត្ត មិនត្រូវអនុញ្ញាតឲ្យមានអំពើរំលោភបំពានរបៀបនេះមកលើប្រទេសកម្ពុជាជាដាច់ខាត។ ការគាំទ្ររបស់សហគមន៍អន្តរជាតិ គឺជាកម្លាំងគាំទ្រមួយដ៏សំខាន់ណាស់ក្នុងការធានាបានឲ្យបាននូវសន្តិភាព ស្ថិរភាពក្នុងតំបន់និងសិទ្ធិស្របច្បាប់របស់កម្ពុជា។
ប្រជាពលរដ្ឋកម្ពុជាគួរត្រូវបានជ្រាបជាពិសេសថា ប្រទេសយើងកំពុងប្រើយុទ្ធសាស្ត្រដែលផ្អែកលើចិត្តអំណត់ ការអនុវត្តតាមច្បាប់ និងការពឹងផ្អែកលើអន្តរជាតិ។ ការរង់ចាំឱកាសនិងការបង្ហាញភាពអត់ធ្មត់ មិនមែនជាការព្រងើយកន្តើយនោះទេ តែវាជាវិធីសាស្ត្រដែលនាំទៅកាន់ជ័យជម្នះប្រកបដោយកិត្តិយសនិងមានភាពអចិន្ត្រៃយ៍។
ករណីថៃឈ្លានពាន និងការយកច្បាប់របស់ខ្លួនមកអនុវត្តលើទឹកដីកម្ពុជា គឺជាការរំលោភធ្ងន់ធ្ងរណាស់ដល់ច្បាប់អន្តរជាតិដែលត្រូវតែថ្កោលទោសជាដាច់ខាត។ កម្ពុជាបន្តរក្សាគោលការណ៍សន្តិភាព ប៉ុន្តែមានភាពរឹងមាំដាច់ខាតច្បាស់លាស់ និងត្រូវមានការសហការជាធ្លុងមួយជាមួយសាធារណៈជាតិ និងសហគមន៍អន្តរជាតិ។
យើងក៏គួរយល់ឱ្យបានច្បាស់ផងដែរថា កម្ពុជាមិនមែនមិនមានសមត្ថភាពឬកម្លាំងទេ ប៉ុន្តែប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជាបានជ្រើសរើសយកភាពអំណត់ ដោយមិនចង់ឱ្យមានការប្រយុទ្ធបង្ហូរឈាមគ្នាជាថ្មីកើតឡើង ប៉ុន្តែចង់បានជាជំនួសវិញ គឺជ័យជម្នះប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរ សុចរិតនិងសន្តិភាពជាអចិន្ត្រៃយ៍ទើបជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជននិងក៏ជាគ្រឹះដ៏រឹងមាំដែលនឹងរក្សាបាននូវព្រំដែនច្បាស់លាស់បញ្ចប់ជម្លោះដោយមិនចង់ឃើញការស្លាប់និងរបួសឬទុក្ខវេទនាសម្រាប់ជាតិសាសន៍រវាងកម្ពុជានិងថៃទៅថ្ងៃអនាគតនោះឡើយ៕
ដោយ៖ ពិន វិជ័យ (អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ)
(PRU)