សារព័ត៌មាន Reuters បានផ្សាយថា កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា បន្ទាប់ពីប្រកាសពីការផ្ទុះឡើងជាលើកដំបូងក្នុងរយៈពេល ៣ឆ្នាំ ឥលូវនេះអ្នកឆ្លងជំងឺ Ebola នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោមានចំនួន ៤៨នាក់ និងបណ្តាលឱ្យស្លាប់៣១នាក់។
កុងហ្គោ បានរកឃើញករណីឆ្លងថ្មីកាលពីដើមខែកញ្ញា។ ប្រមុខ WHO លោក Tedros Adhanom Ghebreyesus បានប្រាប់អ្នកសារព័ត៌មានតាមអនឡាញថា «វាមានរយៈពេលពីរសប្តាហ៍ហើយ ចាប់តាំងពីរដ្ឋាភិបាលកុងហ្គោប្រកាសពីការផ្ទុះឡើងនូវជំងឺ Ebola។ មកទល់ពេលនេះមាន ៤៨ករណីដែលត្រូវបានរាយការណ៍និងបញ្ជាក់ ហើយអ្នកជំងឺ ៣១នាក់បានស្លាប់»។ តាមលោក Tedros WHO បានផ្តល់ការផ្គត់ផ្គង់សម្ភារវេជ្ជសាស្រ្តសំខាន់ៗជាង ១៤ តោន ដាក់ពង្រាយអ្នកជំនាញ និងបង្កើតទីតាំងព្យាបាលជំងឺ Ebola ដោយអ្នកជំងឺ ១៦នាក់កំពុងទទួលការព្យាបាល។ អ្នកដែលមានទំនាក់ទំនងនឹងជំងឺនេះ មានជាង ៩០០នាក់ហើយស្ថិតក្នុងការតាមដាន។
ព្រៃត្រូពិចដ៏ក្រាស់របស់កុងហ្គោ គឺជាជម្រកនៃមេរោគ Ebola ដែលបណ្តាលឱ្យមានអាការៈគ្រុនក្តៅ ឈឺខ្លួន និងរាកហើយអាចនៅក្នុងខ្លួនរបស់អ្នករស់រានមានជីវិតរហូតដល់ឆ្នាំក្រោយ៕ ដោយធីរីណា
រូបថត: vtv