គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាអញ្ជើញនិវត្តន៍ដល់មាតុប្រទេស ក្រោយពីបានចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី ទទួលបានជោគជ័យ ប្រកបដោយមោទនភាព

ចែករំលែក៖

ភ្នំពេញ : គណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញនិវត្តន៍ពីការចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៦ នៅប្រទេសម៉ាឡេស៊ី ប្រកបដោយលទ្ធផលជោគជ័យ ជាទីមោទនៈ ក្នុងបេសកកម្មការទូតសភាដើម្បីស្វែងរកផលប្រយោជន៍ជូនប្រជាពលរដ្ឋទាំងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

ក្រោមប្រធានបទ “សភានាំមុខសម្រាប់កំណើនប្រកបដោយបរិយាបន្ន និងអាស៊ានប្រកបដោយចីរភាព” មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ ប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២០ខែកញ្ញា បានអនុម័តសេចក្តីព្រាងសេចក្តីសម្រេចចំនួន៤២។ ក្នុងចំណោមសេចក្តីសម្រេចទាំង៤២នោះ មានសេចក្តីសម្រេចចំនួនបី ផ្តួចផ្តើមឡើងដោយសភាកម្ពុជា មានសេចក្តីព្រាងសេចក្ដីសម្រេចស្តីពីការជំរុញគំនិត ផ្ដួចផ្ដើមសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី សេចក្តីព្រាងសេចក្ដីសម្រេចស្តីពីការបង្កើតវេទិកាថ្នាក់ដឹកនាំអាយប៉ា និងសេចក្តីព្រាងសេចក្ដីសម្រេចស្តីពីការបង្កើតភាពជាដៃគូអាយប៉ាដើម្បីលើកកម្ពស់ការចូលរួមរបស់អាយប៉ាជាមួយដៃគូពាក់ព័ន្ធ សម្រាប់អាស៊ានប្រកបដោយបរិយាបន្ន និងចីរភាព។
អ្វីដែលគួរឱ្យកត់សម្គាល់នៅក្នុងមហាសន្និបាត សម្តេចប្រធានរដ្ឋសភា បានថ្លែងការណ៍ក្នុងកិច្ចប្រជុំពេញអង្គលើកទី១ ដោយបានអំពាវនាវកុំប្រើ “ច្បាប់ព្រៃ និងអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃ។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ទោះបីបទឈប់បាញ់បានចូលជាធរមាន តាំងពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មានភាពផុយស្រួយ ដោយសារភាគីថៃរំលោភបំពាន ជាបន្តបន្ទាប់។ កម្ពុជាជំរុញឱ្យបង្កើតអ្នកសង្កេតការណ៍អាស៊ាន (AOT) និងពង្រាយទៅទីតាំងកើតហេតុឱ្យបានឆាប់រហ័ស និងសូមអំពាវនាវដល់អន្តរជាតិចូលរួមតាមដានបទឈប់បាញ់ឱ្យមានការអនុវត្តបានពេញលេញ សំដៅធានាការពារសុខសន្តិភាព ស្ថិរភាព និងសុវត្ថិភាព ដែលមិនត្រឹមតែបម្រើផលប្រយោជន៍ពលរដ្ឋប្រទេសទំាងពីរប៉ុណ្ណោះទេ តែធានាការពារសុខសន្តិភាព ក្នុងតំបន់ និងសកលលោកថែមទៀតផង។

នៅក្នុងដំណើរការមហាសន្និបាតអាយប៉ាលើកទី៤៦  សមាជិកសភាអាយប៉ា បានជួបសន្ទនាជាមួយសភាសង្កេតការណ៍ចំនួន ១៤ ប្រទេស ក្រោមប្រធានបទស្ដីពី “មជ្ឈភាពអាស៊ាន៖ ការកសាងនិម្មាបនកម្មតំបន់ប្រកបដោយបរិយាបន្នដើម្បីអនាគតមានចីរភាព។
សម្រាប់កម្ពុជាជោគជ័យមួយទៀតគឺ មហាសន្និបាតអាយប៉ាលើកទី៤៦ បានជ្រើសតាំង ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា   ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាអគ្គលេខាធិការអាយប៉ា ក្នុងអាណត្តិរយៈពេល៣ឆ្នាំ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦តទៅ។
អាយប៉ា ជាវេទិកាស្ថាប័ននីតិប្បញ្ញត្តិនៃសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍។ មហាសន្និបាតអាយប៉ាបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ជាវេទិកាអន្តរសភាសំខាន់មួយដែលផ្តល់ឱកាសដល់តំណាងរាស្រ្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជួបជុំគ្នាដើម្បីពិភាក្សា ផ្លាស់ប្តូរមតិ យោបល់ ទស្សនៈ ដើម្បីសម្រេចនូវសេចក្តីសម្រច ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គមកិច្ចជាដើម សម្រាប់ដាក់ជូន ស្ថាប័ននីតិប្រតិបត្តិ ពិចារណាបញ្ចូលក្នុងគោលនយោបាយក្នុងការដឹកនាំប្រទេស សម្រាប់ជំរុញការអភិវឌ្ឍ និងកិច្ចការពារសុខសន្តិភាពជូនប្រជាពលរដ្ឋតាមប្រទេសនីមួយៗ ក៏ដូចជាតំបន់ និងសកលលោក៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print