ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាលក្រុងបាវិតឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធ ករណី ចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀត ។
សមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងនៅថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២៥នេះថាជនសង្ស័យមានឈ្មោះ យិន ធីតា អាយុ៣១ឆ្នាំ មានទីលំនៅភូមិរោងដំរី ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលក្រុងបន្តថាកាលពី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១១:០៥នាទីយប់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតបានធ្វើការល្បាតចល័តក្នុងមូលដ្ឋានតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់បាវិត ក្រុងបាវិត លុះដល់ចំណុចការដ្ឋានសំណង់មួយកន្លែង ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត សមត្ថកិច្ចឃើញជនសង្ស័យម្នាក់ កំពុងជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខស្វាយរៀង1K-6249 អត់មានសោម៉ូតូ ។
ភ្លាមនោះសមត្ថកិច្ចនគរបាល ដោយមានការសង្ស័យទើបបានធ្វើការសួរនាំព្រមទាំងឃាត់ និងឆែកលើខ្លួនជនសង្ស័យ រកឃើញមានកាំបិតស្នៀតមួយដើមពណ៍ខ្មៅ ។
ចំពោះវត្ថុតាង មានកាំបិតស្នៀត ចំនួន០១ដើមម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៨ ពាក់ស្លាលេខស្វាយរៀង1K-6249 (មធ្យោបាយធ្វើសកម្មភាព)។
បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចបាននាំ ជនសង្ស័យធ្វើតេស្តសារធាតុញៀនគឺ វិជ្ជមាន (+) ។
បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការតាមច្បាប់។