ភ្នំពេញ ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ បានបង្ហោះលើផេកផ្លូវការរបស់លោកថា ៖ ខ្ញុំកោតមន្ត្រីខ្លះបង្កើតរឿងឥតឈប់ឈររហូតមានអំពើហឹង្សាទៅលើស្ត្រីបម្រើការងារ មានការប្រើអាវុធបាញ់សម្លាប់មនុស្ស អួតសម្ញែងអំណាចក្នុងកាល:ទេស:ដ៏លំបាកដែលថ្នាក់ដឹកនាំកំពូលកំពុងដឹកនាំដោះស្រាយទៅលើអធិបតេយ្យភាពជាតិ បូរណភាពដែនដីដែលត្រូវទាហានសៀមកំពុងយារយីធ្វើឲ្យប្រជាជននៅតាមព្រំដែនកំពុងរងគ្រោះ។
លោកបន្តថា ៖ ខ្ញុំមើលឃើញការសម្ញែងអំណាចរបស់អស់លោកប្រៀបបីដូចកូនក្មេងដែលកំពុងរៀនដើរយ៉ាងដូច្នេះ ពីព្រោះខ្ញុំធ្លាប់អស្ចារ្យតាំងតែពីអាយុ ២៣ឆ្នាំធ្វើជាប្រធានសមាគមខ្មែរនៅរដ្ឋអារីហ្សូណា។ អាយុ ៣២ឆ្នាំជាប់ជាតំណាងរាស្ត្រមណ្ឌលភ្នំពេញ ហើយឡើងឋាន:ជាបន្តបន្ទាប់ដែលមួយជីវិតខ្ញុំនេះ, ខ្ញុំមិនដែលមានអង្គរក្សមិនប្រើកាំភ្លើង មិនមានអ្នកបើកឡាន មិនដែលរំខានអ្នកជិតខាងមានតែអ្នកជិតខាងរំខានខ្ញុំ។ ជាការពិតណាស់, អំណាចដែលបុគ្គលម្នាក់ៗទទួលបានគឺមិនស្ថិតស្ថេរនោះទេ ថ្ងៃណាមួយនឹងបាត់បង់យូរឬឆាប់ គឺមានតែកេរ្តិ៍៍ឈ្មោះដែលត្រូវបន្សល់ទុកឲ្យកូនចៅរស់នៅបន្តដោយមោទនភាព៕
ដោយ ៖ សិលា