ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកបសេដ្ឋធ្វើការឃាត់ខ្លួន ខណៈដែលធ្វើសកម្មភាពយកចបកាប់សំពងក្បាលបុរសម្នាក់ បណ្តាលឱ្យរងរបួសហូរឈាមជោគខ្លួនដេរចំនួន២០ថ្នេរ ព្រោះតែរឿងទាស់ពាក្យសម្តីពេលផឹកស៊ីជុំគ្នា ថ្ងៃបុណ្យភ្ជុំបិណ្ឌ ។
ការឃាត់ខ្លួនយុវជនដៃដល់បានធ្វើឡើង កាលពីរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នេះនៅក្នុងភូមិស្រែឃ្លេ ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកបសេដ្ឋបានឱ្យដឹងថា យុវជនសង្ស័យយកចបកាប់សំពងក្បាលបុរសម្នាក់រងរបួសធ្ងន់ ដែលឃាត់បាននោះឈ្មោះ ទូច ធី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិស្រែឃ្លេ ឃុំទួលសាលា ស្រុកបសេដ្ឋ ។ រីឯជនរងគ្រោះ មានឈ្មោះ វ៉ាន សារឿន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិស្រែឃ្លេ ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រងរបួសក្បាលធ្ងន់ធ្ងរដេរចំនួន២០ថ្នេរ ។
នគរបាលស្រុកបសេដ្ឋបានឱ្យដឹងថា នៅមុនពេលឈានដល់ការឃាត់ខ្លួនយុវជនខាងលើមានករណីហិង្សាដោយ ចេតនា (ប្រើចបកាប់ដងឈើ) វាយទៅលើបុរសម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ចំថ្ងៃបុណ្យភ្ជុំបិណ្ឌនៅចំណុចភូមិស្រែឃ្លេ ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ជនសង្ស័យឈ្មោះ ទូច ធី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានយកចបកាប់វាយទៅលើជនរងគ្រោះឈ្មោះ វ៉ាន សារឿន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ដោយបានវាយ១ត្បូង ចប ចំក្បាលចំហៀងខាងឆ្វេង បណ្តាលឱ្យបែកក្បាលហូរឈាម ពេលនោះសាច់ញាតិក្រុមគ្រួសារបានដឹកបញ្ជូនជនរងគ្រោះទៅព្យាបាលនៅគ្លីនិកឯកជន ដេរចំនួន២០ថ្នេរ ខណៈដែលបុរសជាជនរងគ្រោះកំពុងតែជិះម៉ូតូតាមផ្លូវ ។ ក្រោយពីធ្វើសកម្មភាពវាយជនរងគ្រោះរួចមក យុវជនសង្ស័យដៃដល់បានរត់គេចខ្លួនបាត់ ។
នគរបាលស្រុកបសេដ្ឋបន្ថែមថា រហូតដល់វេលាម៉ោង០៣និង៣០នាទីរសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ឈ្មោះ អ៊ុក សុខឃី អាយុ៣៧ឆ្នាំ (ជាប្រពន្ឋជនរងគ្រោះ) បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទួលសាលា ដើម្បីជួយអន្តរាគមន៍ ។
ក្រោយពីទទួលបានពាក្យបណ្តឹងរួចកម្លាំងជំនាញព្រហ្មទណ្ឌស្រុកបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ ។ លុះដល់រសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ កម្លាំងជំនាញព្រហ្មទណ្ឌស្រុក ក៏បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ទូច ធី យកមកអធិការដ្ឋានស្រុកបសេដ្ឋសួរនាំ ។
បើយោងតាមចម្លើយសារភាពរបស់ជនសង្ស័យថា ខ្លួនពិតជាបានធ្វើសកម្មភាពយកចបកាប់វាយទៅលើជនរងគ្រោះពិតប្រាកដមែន ។ មូលហេតុដែលវាយនោះដោយនសាររូបខ្លួនទាស់ពាក្យសំដីជាមួយគ្នា ជាមួយបុរសជាជនរងគ្រោះពេលផឹកស៊ី ហើយក៏ទប់កំហឹងមិនជាប់ ។
បច្ចុប្បន្នជនសង្ស័យដៃដល់ រួមជាមួយនឹងវត្ថុតាង នគរបាលស្រុកបសេដ្ឋបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕