ភ្នំពេញ ៖ រថយន្តម៉ាក Jeep មួយគ្រឿងបានជ្រុលទៅបុករថយន្តព្រូសមួយគ្រឿង និងម៉ូតូមួយគ្រឿងទៀត បណ្តាលឱ្យរថយន្ត Jeep ឆាបឆេះយ៉ាងសន្ធោសន្ធៅ សល់តែគ្រោងឆ្អឹង ។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវណតប្រ៊ីដកែងនឹងផ្លូវលេខ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
រថយន្ដដែលត្រូវឆាបឆេះ ម៉ាកJeep ពាក់ផ្លាកលេខ កម្ពុជា RATHA.76 បានបេីកបុកជាមួយរថយន្ដ TOYOTA Prius ពាក់ផ្លាកលេខ ភ្នំពេញ 2VE-3962 រួចបន្តទៅបុកម៉ូតូ HONDA VARIO ពាក់ផ្លាកលេខ ភ្នំពេញ 1KM-7137 បណ្ដាលឲ្យរងការខូចខាត រួចរថយន្ដម៉ាក Jeep ក៏មានការឆ្លងចរន្តភ្លើង បង្កចេញជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេឃើញរថយន្តម៉ាកព្រូសបើកដោយបុរសម្នាក់ រួមដំណើរជាមួយមិត្តភក្តិ តាមផ្លូវណតប្រ៊ីដ ក្នុងទិសដៅពីជើងទៅត្បូង ចំណែករថយន្តម៉ាក Jeep ធ្វើដំណើរតាមផ្លូវលេខ២០០៤ ពីកើតទៅលិច ខណៈមកដល់ចំណុចភ្លើងស្តុបណតប្រ៊ីដក៏បានជ្រុលទៅបុកជាមួយរថយន្តព្រូសចំពីខាងស្តាំ រួចរថយន្តJeep បានបួងចង្កូតមកស្តាំដៃ បើកចេញពីកន្លែងកើតហេតុប្រមាណ ៥០ម៉ែត្រ ក៏រថយន្តចាប់ផ្តើមឆ្លងចរន្តភ្លើងចេញផ្សែងហុយ បង្កជាអណ្តាតភ្លើង ភ្លាមៗនោះ ប្រជាពលរដ្ឋនៅក្បែរនោះក៏បានជួយយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់អស់ជាច្រើនបំពង់តែមិនរលត់ ។ ក្រោយមកក៏មានរថយន្តការិយាល័យពន្លត់អគ្គិភ័យ មកបាញ់ទឹកអស់មួយសុីទែនទើបរលត់ ។
ក្រោយពេលកេីតហេតុភាគីខាងរថយន្ដJeep បានធ្វេីការចរចាដោះស្រាយនឹងភាគីរថយន្ដ TOYOTA Prius រួមជាមួយភាគីម៉ូតូ ដេីម្បីបញ្ចប់រឿងនៅនឹងកន្លែង ចំណែកឯរថយន្ដ Jeep ដែលឆេះសល់តែគ្រោងឆ្អឹង សមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នសិន៕