នគរបាលឃាត់ខ្លួនយុវជនម្នាក់សង្ស័យ​ប្រើ​គ្រឿងញៀន​លើស​កម្រិត វាយ​បំផ្លាញ​​ទ្រព្យសម្បត្តិនិង​គំរាម​វាយ​ម្តាយ​ថែម​ទៀត​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​ ៖ យុវជន​ម្នាក់​ត្រូវ​បាន​ម្តាយបង្កើត​ដាច់​ចិត្ត​ប្តឹង​ឱ្យ​នគរបាល​ឃាត់ខ្លួន ព្រោះសង្ស័យ​​ប្រើ​គ្រឿងញៀន​លើស​កម្រិត​ហើយស្រែក​ឡូឡា បង្ក​ការ​អុកឡុកនិង​ស្ទុះ​ទៅទាញ​កាំបិតប៉័ងតោ និង​អង្រែ​បុក​គ្រឿង​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ពេលម្តាយ​ទៅ​ឃាត់​បានគំរាម​វាយ​ម្តាយ​ថែមទៀត ហើយដោយទ្រាំ​មិន​បាន​ម្តាយក៏​ដាច់​ចិត្ត​ប្តឹង​ឱ្យ​នគរបាល​ឃាត់​ខ្លួនកូននោះតែ​ម្តង​។

ករណីការ​ឃាត់ខ្លួន​កូនប្រុស​សង្ស័យ​ប្រើ​គ្រឿងញៀន​លើស​កម្រិត​បំផ្លាញ​ទ្រព្យសម្បត្តិ​នេះ ​ធ្វើឡើងកាល​ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​ក្នុងភូមិ​ព្រៃ​ក​ន្ទោ​ច ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

មន្ត្រីនគរបាល​ស្រុក​គងពិសី​បាន​ឱ្យ​ដឹង​ថា យុវជន​ដែល​ម្តាយ​ប្តឹង​ឱ្យ​ឃាត់ខ្លួន ឈ្មោះ ឡៃ ថុ​នា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ជាមួយ​ម្តាយ​ក្នុងភូមិ​ព្រៃ​ក​ន្ទោ​ច ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

មុន​ពេល​កើតហេតុ​យុវជន​ខាងលើនេះបាន​ធ្វើ​សកម្មភាព​ស្រែក​ឡូឡានិង​បង្ក​ការ​អុកឡុក​ក្នុងផ្ទះ ដោយនៅក្នុងដៃ​មាន​កាន់​កាំបិតប៉័ងតោ​ដង​ឈើ និង​អង្រែ​បុកគ្រឿងខ្លី១ដើមបាន​គំរាម​វាយ​ទៅ​លើ​ម្តាយ​ដែល​មានឈ្មោះ ឃួ​ន ណា​ន អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ ពេល​នោះស្ត្រី​ជា​ម្តាយ​បាន​ទៅ​ហាមឃាត់ និង​ស្តីបន្ទោស​ឱ្យ​យុវជន​ជា​កូន ស្រាប់តែ​ជនសង្ស័យ​ខឹងសម្បា ហើយក៏ស្ទុះទៅវាយ​បំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ បោក​ចាន ឆ្នាំង​ដាំបាយ កង្ហាពី​រគ្រឿងព្យួរ​ជញ្ជាំង ធាក់​ទ្វារ​ផ្ទះបាយ ទ្វារ​បន្ទប់ទឹក​បណ្តាល​ឲ្យ​រង​ការ​ខូចខាត ។

ដោយ​ទ្រាំ​នូវ​ទ​ង្វើរ​បស់​កូនប្រុស​លែង​បាន ទើប​ម្តាយ​បានតេ​ទូរស័ព្ទ​ហៅ​សមត្ថកិច្ច ដើម្បី​ធ្វើការ​នាំ​ខ្លួន​ឈ្មោះ ឡៃ ថុ​នា ខាងលើ​យក​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​ដើម្បីធ្វើការ​សួរនាំនិង​កសាង​សំណុំរឿង​បន្ត​ ។

បើ​តាម​ការ​បញ្ជាក់​ពី​ម្តាយ​យុវជន​ដៃដល់​ខាងលើ​ ឈ្មោះ ឃួ​ន ណា​ន ថា  កន្លង​ទៅ​កូនប្រុស​របស់​គាត់​ (​យុវជន​សង្ស័យ​)​ខាងលើ​ធ្លាប់​បានប្រើប្រាស់​គ្រឿងញៀន​ហើយ​គាត់ធ្លាប់​បាន​យក​ដាក់​នៅ​មណ្ឌល​អប់រំ​កែប្រែ​២​ដង​រួច​មក​ហើយ ប៉ុន្តែ​កូនប្រុស​នៅ​តែ​មិន​ចេះ​កែខ្លួន ទើប​គាត់​ដាច់​ចិត្ត​ប្តឹង​ឱ្យ​នគរបាល​ឃាត់ខ្លួន​អនុវត្តទៅតាម​ផ្លូវច្បាប់​ចុះ​។

...

បច្ចុប្បន្ន​ យុវជន​សង្ស័យ​ខាងលើ​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គង​ពិសីដើម្បីកសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print