ខេត្តកំពង់ស្ពឺ៖ ក្រោមការដឹកនាំបញ្ជាលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការដឹកនាំផ្ទាល់ពី លោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបសេដ្ឋ កំលាំងផ្នែកនគរបាលព្រហ្មទណ្ឌ បានធ្វេីការសហការស្រាវជ្រាវករណីក្រុមចោរឆក់កាបូបជនរងគ្រោះឈ្មោះ ឃឹម ដានីន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិថ្លុកបី ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ដឹកប្រពន្ធមកលេងស្រុកកំណេីត នៅចំណុចលើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិទ័ពម្រាក់ ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
តាមការស្រាវជ្រាវកំលាំងមានសមត្ថកិច្ចកំណត់បាន
អត្ដសញ្ញាណជន សង្ស័យ ក្នុងនោះប្រេីមធ្យោបាយដោយម៉ូតូម៉ាកហុងដា C125ឆ្នាំ២០១៤ ផ្លាកលេខសម្គាល់ភ្នំពេញ 1CP-4434 ។ ក្នុងហេតុការណ៍ខាងលេីក្រុមជនសង្ស័យបានឆក់កាបូបដាក់លុយស្ពាយចំហៀងបណ្តាលឱ្យជនរង គ្រោះធ្លាក់ពីលេីម៉ូតូនិងដួលបោកនឹងដីរងរបួសចំក្បាលទាំង២ នាក់ប្ដី-ប្រពន្ធ។ ក្រោយពីជនសង្ស័យធ្វើសកម្មភាពឆក់បានក៏គេចខ្លួន
បាត់ស្រមោល។
ជនសង្ស័យទាំង៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលធ្វេីការស្រាវជ្រាវនិងឃាត់ខ្លួនបាន៖ (១)ឈ្មោះ យ៉ាង ភីយុទ្ឋ ភេទប្រុស អាយុ២៣ឆ្នាំរស់នៅភូមិចាស់ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ (២)ឈ្មោះ រុំ វិច្ឆកា ភេទប្រុស អាយុ២២ឆ្នាំ (៣)ឈ្មោះ ជូ សារិន ភេទប្រុស អាយុ២៣ឆ្នាំ និងបាន
បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដេីម្បីសាកសួរបំពេញនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ដ ចំណាត់ការតាមច្បាប់ រីឯកាបូបលុយសមត្ថកិច្ចបានប្រគល់ជូនទៅភាគីជនរងគ្រោះវិញគ្រប់ចំនួន ៕