បាបកម្មធ្ងន់ធ្ងរពេក ព្រះធរណីទ្រទីក្រុងបាងកកលែងរួចហើយ ការបាក់ស្រុតជាបន្តបន្ទាប់កណ្តាលទីក្រុង បង្កើតទៅជារណ្តៅមរណៈ មានជម្រៅជាង៥០ម៉ែត្រនិងទំហំជាង៣០ម៉ែត្រ បានកើតឡើងរួចហើយក្នុងប្រទេសថៃ។ ពេលនេះមានសញ្ញាបន្តកើតឡើងថ្មីៗទៀត បង្កក្តីព្រួយបារម្ភពីវិនាសកម្មទីក្រុងបាងកក។ នោះហើយជាកម្មកំពុងតែឱ្យផលបន្តិចម្តងៗដោយសារតែការលោភលន់ ឈ្លានពានប្រទេសជិតខាង គឺផ្ទុយពីការប្រៀនប្រដៅរបស់ព្រះពុទ្ធ ក្នុងនាមជាប្រទេសកាន់ពុទ្ធសាសនា។
អាជ្ញាធរថៃនៅព្រឹកថ្ងៃទី ២៥ ខែ កញ្ញានេះបានប្រកាសអាសន្ននិងបិទផ្លូវសាមសេនជាបណ្តោះអាសន្ន បន្ទាប់ពីមានទឹកបានជ្រាបហូរចេញពីខាងក្រោមផ្លូវធ្វើដំណើររបស់ពលរដ្ឋថៃដែលមានចម្ងាយប្រមាណត្រឹមតែ២គីឡូម៉ែត្រពីតំបន់បាក់ស្រុត ទល់មុខមន្ទីរពេទ្យវិជ្ជរ៉ា។ មន្ត្រីជំនាញថៃកំពុងប្រញាប់ប្រញាល់បិទតំបន់នោះ ដោយខ្លាចមានការបាក់ស្រុតដីម្តងទៀត។
សារព័ត៌មានថៃ Khaosod បានផ្សាយថា នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា អាជ្ញាធរនៅទីក្រុងបាងកកនៃប្រទេសថៃ បានប្រទះឃើញមានស្នាមប្រេះ ហើយថែមទាំងជ្រាបទឹកចេញមកខាងលើ នៅចំណុចផ្លូវថ្នល់មួយកន្លែងទៀត ក្រោយពីមានករណីបាក់ស្រុតផ្លូវដ៏ធំមួយយ៉ាងភ្ញាក់ផ្អើល កាលពីមួយថ្ងៃមុន។
ចំណុចនោះស្ថិតនៅលើផ្លូវ Samsen ចម្ងាយប្រមាណ២គីឡូម៉ែត្រប៉ុណ្ណោះ ពីកន្លែងករណីបាក់ស្រុតផ្លូវដ៏ធំជម្រៅ៥០ម៉ែត្រ នៅក្បែរមន្ទីរពេទ្យ Vajira។ ក្រោយប្រទះឃើញស្ថានភាពមិនស្រួលបែបនោះ អាជ្ញាធរថៃបានរួសរាន់ផ្អាកការធ្វើចរាចរណ៍នៅចំណុចខាងលើ ដើម្បីត្រួតពិនិត្យឱ្យល្អិតល្អន់ ជាមួយក្តីបារម្ភអំពីហានិភ័យបាក់ស្រុតផ្លូវថ្មីទៀត។
សញ្ញាថ្មីខាងលើនេះ បានបង្កើនក្តីបារម្ភកាន់តែខ្លាំងអំពីស្ថិរភាពនៃហេដ្ឋារចនាសម្ព័ន្ធក្រោមដី នៅបណ្តោយដងផ្លូវ Samsen ក្រោយហេតុការណ៍បាក់ស្រុតផ្លូវយ៉ាងធំសម្បើមមួយ កាលពីថ្ងៃពុធ នៅចំណុចក្បែរមន្ទីរពេទ្យ Vajira និងស្ថានីយប៉ូលិស Samsen៕ ដោយធីរីណា
រូបថត: tienphong