អន្តរជាតិ ៖ ការអនុវត្តគោលនយោបាយស្របតាមលក្ខខណ្ឌក្នុងតំបន់ជាលក្ខណៈពិសេសនៃអភិបាលកិច្ចតាមបែបផែនចិន តួយ៉ាងដូចជាការបង្កើតតំបន់រដ្ឋបាលពិសេសហុងកុង និងតំបន់រដ្ឋបាលពិសេសម៉ាកាវ ព្រមទាំងភូមិភាគស្វយ័ត ស៊ីនជាំង , ស៊ីចាំង , ក្វាងស៊ី , នីងស្យា និងម៉ុងហ្គោលីក្នុង ដែលបានអនុវត្តគោលនយោបាយស្វ័យភាពក្នុងការធ្វើអភិបាលកិច្ចតាមការណែនាំរបស់រដ្ឋាភិបាលមជ្ឈិមចិន ។
ប្រទេសចិនមានជនជាតិភាគតិចចំនួន ៥៥ ជនជាតិ ទីតំបន់ដែលមានបណ្តុំជនជាតិភាគតិចណាមួយរស់នៅច្រើនក៏បានបង្កើតជាភូមិភាគស្វយ័ត ស្រុកស្វយ័តឬមណ្ឌលស្វយ័តជាដើម ដើម្បីងាយស្រួលក្នុងការធ្វើអភិបាលកិច្ច ។ ក្នុងចំណោមនោះ សមិទ្ធផលដ៏អស្ចារ្យនៃភូមិភាគស្វយ័ត ស៊ីនជាំង ក្នុងរយៈពេល ៧០ ឆ្នាំ អាចនិយាយបានថាជាគំរូដ៏ជោគជ័យនៃការអនុវត្តគោលនយោបាយស្វ័យភាពរបស់រដ្ឋាភិបាលមជ្ឈិមចិន ។
រយៈពេល ៧០ ឆ្នាំ ផលិតផលក្នុងស្រុកសរុប (GDP) កើនឡើង ១៦០០ ដង , អាយុរំពឹងរស់របស់ប្រជាជនឡើងដល់ ៧៨.៥ ឆ្នាំ , បរិមាណផលិតសំឡីកប្បាសស្មើនឹង ៩២.២% នៃទូទាំងប្រទេស , ព្រលានយន្តហោះចំនួន ២៨ កន្លែង ដែលជាចំនួនច្រើនជាងគេក្នុងប្រទេស , ទំហំដីរហោឋានកម្មបានកាត់បន្ថយចំនួន ១៩៥៦ គីឡូម៉ែត្រការ៉េ , មួយឆ្នាំទទួលបានភ្ញៀវទេសចរ ៣.៥ រយលាននាក់ ជាមួយនឹងប្រាក់ចំណូលខាងវិស័យទេសចរណ៍ ៣២០ ប៊ីលានយាន់ប្រាក់ចិន ។ល។ តួលេខទាំងនេះបានប្រាប់ទៅកាន់ពិភពលោកថា ភូមិភាគស្វយ័ត ស៊ីនជាំង មិនមែនជាតំបន់ទីទ័លក្រនិងដាច់ស្រយាលទៀតទេ ។
តើកត្តាអ្វីដែលជំរុញឱ្យតំបន់ ស៊ីនជាំង ទទួលបានការអភិវឌ្ឍបែបលោតផ្លោះដ៏អស្ចារ្យពីបាតដៃទទេទៅកាន់ភាពរុងរឿងថ្កុំថ្កើង ? និយាយដល់តំបន់ ស៊ីនជាំង គេតែងនឹកឃើញដល់រឿងតំណាលអំពីលោកតា Kurban Tulum ជាជនជាតិ វៃវូអឺ នៅ ស៊ីនជាំង ដែលគិតចង់ជិះសត្វលាចេញដំណើរពីតំបន់ ស៊ីនជាំង ទៅកាន់ទីក្រុងប៉េកាំងដែលមានគម្លាតពីគ្នារាប់ពាន់គីឡូម៉ែត្រ ដើម្បីសួរសុខទុក្ខលោកប្រធាន ម៉ៅ សេទុង ។ កាលនោះគឺឆ្នាំ ១៩៥៥ លោកតា Kurban Tulum មានវ័យ ៧២ ឆ្នាំ ។ រឿងនេះឆ្លុះបញ្ចាំងពីទិដ្ឋភាពក្រលំបាកនាសម័យសង្គមចាស់នៅ ស៊ីនជាំង ក៏ដូចជានៅទូទាំងប្រទេសចិន ។ កាលនោះ លោកតា Kurban Tulum ប្រហែលជាគិតស្មានមិនដល់ទេថា នា ៧០ ឆ្នាំក្រោយ ហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងតំបន់ ស៊ីនជាំង មានការផ្លាស់ប្តូរដូចមេឃនិងដី ពោលគឺបណ្តាញគមនាគមន៍ផ្លូវគោកនិងផ្លូវអាកាសបានគ្របដណ្តប់គ្រប់ទិសទី ។ ប្រជាពលរដ្ឋជិះយន្តហោះចេញដំណើរពីស្រុកនានានៃ ស៊ីនជាំង ពីពេលល្ងាច លុះពេលយប់ក៏អាចទៅដល់ក្រុងប៉េកាំង ។
កាលនោះ ការធ្វើដំណើរទៅមកក្នុងតំបន់ ស៊ីនជាំង ដែលមានទំហំផ្ទៃដីស្មើនឹង ១ភាគ៦ នៃទំហំផ្ទៃដីគោកសរុបរបស់ប្រទេសចិនគឺត្រូវប្រើពេលរាប់ខែ កុំថាឡើយតែការធ្វើដំណើរទៅកាន់ខេត្ត-ក្រុងផ្សេងៗឬក្រៅប្រទេសនោះ ។ បន្ទាប់ពីក្លាយជាភូមិភាគស្វយ័ត ដោយមានអំណោយផលពីឧត្តមភាពនៃទីតាំងភូមិសាស្ត្រដែលស្ថិតនៅចំណុចកណ្តាលនៃតំបន់អឺរ៉ាស៊ី និងគោលនយោបាយស្វយ័តរបស់រដ្ឋាភិបាលមជ្ឈិម ពិសេសចាប់ពីមានគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»មក តំបន់ ស៊ីនជាំង ដែលជា«ស្ថានីយ»ដ៏សំខាន់មួយនៃផ្លូវសូត្របុរាណដែលតភ្ជាប់ជាមួយនឹងប្រទេសអារ៉ាប់និងអឺរ៉ុប បានរំលេចពីតួនាទីបើកទូលាយតាមរយៈការកសាងបណ្តាញផ្លូវដែក , ផ្លូវថ្នល់ , ផ្លូវអាកាស និងឡូជីស្ទិក ដែលខាងកើតបានតភ្ជាប់ជាមួយតំបន់នានាក្នុងប្រទេសចិន ឯខាងលិចតភ្ជាប់ជាមួយតំបន់អឺរ៉ាស៊ី ។
ជាមួយនឹងទំហំ GDP ចំនួន ២.០៥ ទ្រីលានយាន់ប្រាក់ចិនក្នុងឆ្នាំ ២០២៤ ដែលកើនឡើងលើសពី ១៦០០ ដងបើធៀបនឹងឆ្នាំ ១៩៥៥ តំបន់ ស៊ីនជាំង មិនត្រឹមតែបានចេញផុតពីភាពក្រីក្រទាំងស្រុងប៉ុណ្ណោះទេ ប៉ុន្តែប្រជាជនភាគច្រើនមានជីវភាពធូរធារបង្គួរដូចបណ្តាខេត្ត-ក្រុងទំនើបៗផ្សេងទៀតផងដែរ ។ ជាពិសេស ស្របនឹងការដាក់ចេញគោលនយោបាយបើកទូលាយកម្រិតខ្ពស់ ទំហំនាំចេញ-នាំចូលសរុបរបស់តំបន់ ស៊ីនជាំង ក្នុងឆ្នាំ ២០២៤ បានឡើងដល់ ៣៥០ ប៊ីលានយាន់ប្រាក់ចិន ដែលកើនឡើង ១២០០ ដងបើធៀបនឹងឆ្នាំ ១៩៥៥ ។
បច្ចុប្បន្ន សំឡីកប្បាសបានក្លាយជា«សព្វនាម»នៃតំបន់ ស៊ីនជាំង ពោលគឺ ស៊ីនជាំង ជា«ឃ្លាំងសំឡីកប្បាសពិភពលោក» ខណៈសម្រេចបានទំហំផលិតកម្ម ៥.៦៨៨ លានតោនក្នុងឆ្នាំ ២០២៤ ដែលត្រូវជា ៩២.២% នៃទំហំផលិតកម្មសរុបទូទាំងប្រទេសចិន អាចនិយាយបានថា ផលិតផលធ្វើពីសំឡីកប្បាសភាគច្រើនគឺប្រើប្រាស់សំឡីកប្បាសរបស់ ស៊ីនជាំង ។ អ្វីដែលគួរឱ្យកត់សម្គាល់ ការធ្វើទំនើបកម្មកសិកម្មបានធ្វើឱ្យ ស៊ីនជាំង ប្រែពីការហូបចុកមិនគ្រប់គ្រាន់ក្លាយជាអ្នកផ្គត់ផ្គង់ស្បៀងនៅទូទាំងប្រទេស ដែលបានរួមចំណែកដ៏សំខាន់សម្រាប់សន្តិសុខស្បៀងរបស់ចិន ជាមួយនឹងការផលិតស្បៀងបាន ២៣.៣ លានតោនក្នុងឆ្នាំ ២០២៤ ។
គួរបញ្ជាក់ថា សុខដុមនីយកម្មជនជាតិជាកត្តាសំខាន់សម្រាប់ជំរុញការអភិវឌ្ឍនិងស្ថិរភាពនៃតំបន់ ស៊ីនជាំង ។ ក្នុងនាមជាបណ្តុំជនជាតិភាគតិចរស់នៅច្រើនបំផុតមួយរបស់ប្រទេសចិន ជាពិសេសជនជាតិ វៃវូអឺ (ត្រូវជាជិត ៤៧% នៃចំនួនប្រជាជនសរុបនៅតំបន់ ស៊ីនជាំង) បានរៀនចេះប្រើប្រាស់ភាសាចិនកុកងឺយ៉ាងស្ទាត់ជំនាញ ដើម្បីងាយស្រួលធ្វើការប្រាស្រ័យទាក់ទងជាមួយជនជាតិផ្សេងទៀត ។ ជនជាតិនានានៅទីនោះមានសេរីភាពពេញលេញក្នុងការប្រតិបត្តិជំនឿសាសនារបស់ខ្លួនតាមផ្លូវច្បាប់ និងរក្សាទុកប្រពៃណីទំនៀមទម្លាប់ជនជាតិរៀងៗខ្លួន ដែលបង្កើតបានជាអរិយធម៌និងវប្បធម៌ចម្រុះបែប ។
ប្រែពី«តំបន់ព្រំដែនដាច់ស្រយាល»កាលពីអតីតកាលក្លាយជា«តំបន់ជួរមុខនៃការបើកទូលាយ» របស់ចិន ឋានៈរបស់ ស៊ីនជាំង ដែលជាមជ្ឈមណ្ឌលខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រត្រូវបានរំលេចឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ ការចូលរួមយ៉ាងស៊ីជម្រៅជាមួយគោលនយោបាយអភិវឌ្ឍន៍របស់ជាតិ នឹងជំរុញឱ្យតំបន់ ស៊ីនជាំង ដើរឆ្ពោះទៅរកស្ថិរភាព វិបុលភាពនិងភាពរុងរឿងជាបន្តបន្ទាប់ ៕
អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន (CCFR)