រយៈពេល៦ថ្ងៃរថយន្ដក្រុងដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ជិត១០ម៉ឺននាក់

ចែករំលែក៖

ភ្នំពេញ៖  រយៈពេល៦ថ្ងៃ នៃការដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ នេះ មានប្រជាពលរដ្ឋប្រមាណជិត១០ម៉ឺននាក់បានទទួលការជិះរថយន្តក្រុងសាធារណៈដោយមិនគិតថ្លៃ ដែលជាការគិតគូររបស់សម្ដេចបវរអធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី។

  លោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ជាក់ថា៖ រយៈពេល ៦ថ្ងៃ មានប្រជាពលរដ្ឋសរុបចំនួន ៩២.៥២១នាក់ បានធ្វើដំណើរតាមរថយន្តក្រុងសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ ទៅស្រុកកំណើត និងត្រឡប់មកភ្នំពេញវិញ។ បើធៀបនឹងរដូវភ្ជុំឆ្នាំ២០២៤ មានចំនួនត្រឹមតែ ៧១. ៣៦០ នាក់ គឺឆ្នាំនេះ កើនឡើងប្រមាណ ៣០%។

    លោកស្រីដោ សម្ផស្ស ក៏បានបញ្ជាក់ផងដែរថា៖ អ្វីដែលល្អថែមទៀតនោះ គឺប្រជាពលរដ្ឋដែលជិះរថយន្តក្រុងមានសុវត្ថិភាពល្អ មិនមានគ្រោះថ្នាក់ចរាចរនោះទេ ពោលគឺសុវត្ថិភាព១០០ភាគរយ។ប្រជាពលរដ្ឋដែលនាំគ្នាជិះរថយន្តក្រុងសាធារណៈចំណេញថវិកាផ្ទាល់ខ្លួនម្នាក់ៗប្រមាណ ៨ម៉ឺនរៀលឬ២០ដុល្លារអាមេរិកដោយមិនបានចំណាយដល់ការធ្វើដំណើរដោយរថយន្តឈ្នួលរបស់ក្រុមហ៊ុនឯកជន។

     ពីមួយឆ្នាំទៅមួយឆ្នាំ ប្រជាពលរដ្ឋក៏ដូចជាបងប្អូនកម្មករកម្មការិនីរោងចក្រ ដែលជិះរថយន្តក្រុងទៅលេងស្រុកកំណើតជួបជុំបងប្អូន ក្នុងឱកាសបុណ្យជាតិធំៗ ដូចជាពិធីបុណ្យចូលឆ្នាំថ្មីនិងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរជាដើមនេះ មានកំណើនកើនឡើងជាលំដាប់។ ការកើន ឡើងពីចំនួនអ្នកជិះរថយន្តក្រុងសាធារណៈនេះ គឺដោយសារតែបងប្អូនប្រជាពលរដ្ឋ មានជំនឿជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចបវរអធិបតីហ៊ុនម៉ាណែត ហើយម្យ៉ាងទៀត ការធ្វើដំណើរដោយរថយន្តក្រុងនេះ ពួកគាត់ទទួលបានសុវត្ថិភាពផងដែរ។ ជាក់ស្តែងដូចនេះបងប្អូនប្រជាពលរដ្ឋធ្វើដំណើរដោយរថយន្តក្រុងគឺសុវត្ថិភាព១០០ ភាគរយតែម្តង។

      សូមបញ្ជាក់ថា៖ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ សំរាប់ពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់រយៈ ពេល ០៦ថ្ងៃ ដោយចាប់អនុវត្តពីថ្ងៃទី២០ ដល់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងនោះរួមមាន៖១-រថយន្តក្រុងចំនួន ១០០ គ្រឿង ប្រើប្រាស់សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋប្រចាំថ្ងៃក្នុងរាជធានីភ្នំពេញ និងសេវារថយន្តក្រុងសាធា រណៈអាកាសយានដ្ឋានអន្តរជាតិតេជោ(AIRPORT EXPR ESS BUS)។ ២-រថយន្តក្រុងចំនួន ៤៩៧គ្រឿង ប្រើប្រាស់សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ ពីរាជធានីភ្នំពេញទៅលេងស្រុក កំណើត និងការវិលត្រលប់មកវិញ ដោយមានបែង ចែកជាខ្សែរត់ធំៗចំនួន ៧គោលដៅព្រមទាំងបាន រៀបចំទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃ នៅក្នុងរថយន្តក្រុងនីមួយៗ តាមគោលដៅចេញដំណើរផងដែរ៕. ដោយ  សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print