ខេត្តកណ្ដាល÷ អនុវត្តតាមបទបញ្ជាលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌស្រុកស្អាង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយឃាត់ខ្លួនជនសង្ស័យ១នាក់ ករណីហិង្សាដោយចេតនានិងប្រើប្រាស់គ្រឿងញៀន។
មន្ត្រីនគរបាលស្រុកស្អាងបានដោយដឹងថាករណីនេះបានកើតថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ១ រសៀលនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។
ករណីនេះបណ្ដាលឲ្យបុរសម្នាក់ឈ្មោះ នី នីន ហៅគោភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ ទីលំនៅភូមិ ព្រែករុន ឃុំ ព្រែកគយ ស្រុក ស្អាង ខេត្ត កណ្តាល មានស្នាមរបួសចិញ្ចេីមខាងឆ្វេងចំនួន០៣ថ្នេរនិងផ្ទៃមុខ។
មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យ១នាក់ត្រូវបានឃាត់ខ្លួនឈ្មោះ ត្រាយ គីមហ៊ង ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាខេត្តកណ្តាល ហើយ មានសារធាតុញៀនវិជ្ជមាន(+)។
មន្ត្រីនគរបាលបានឲ្យដឹងថា នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ១រសៀល ជនរងគ្រោះកំពុងអង្គុយហូបបាយនៅផ្ទះរបស់ខ្លួន។ ពេលនោះជនសង្ស័យបានដើរមកពីក្រោយនិងបានធ្វើសកម្មភាពយកផ្លែឡាមឆូតទៅលើផ្ទៃមុខរបស់ជនរងគ្រោះបណ្តាលឲ្យមានរបួសចេញឈាម។ ពេលទទួលបានពត័មានខាងលើនេះភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយសហការជាមួយប្រជាការពារឃុំ បានចុះទៅអន្តរាគមន៍ដល់កន្លែងកើត ហេតុ ហើយបានឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕