ថៃ៖ យោងតាមការចុះផ្សាយរបស់ The Nation បាននិយាយថា លោលឧត្តមសេនីយ៍ Nattaphon Narkphanit រដ្ឋមន្ត្រីការពារជាតិថៃ បានទម្លាយឱ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ព្រះនាង Chulabhorn Krom Phra Srisavangavadhana បានបរិច្ចាគព្រះរាជទ្រព្យចំនួន ១លានបាត (ឬប្រមាណ ៣១០០០ដុល្លារ) ដើម្បីបង្កើតមូលនិធិ Hathai Thip ដែលនឹងប្រើជាដើមទុនដំបូង សម្រាប់សាងសង់របង និងរនាំង តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
លោក Nattaphon បានបន្ថែមថា របងព្រំដែននេះ នឹងត្រូវសាងសង់នៅតាមតំបន់ដែលមានការឯកភាពគ្នាយ៉ាងច្បាស់លាស់។ អគ្គបញ្ជាការកងទ័ពភូមិន្ទថៃ ត្រូវបានចាត់តាំងជាទីភ្នាក់ងារដឹកនាំ ដោយសម្របសម្រួលជាមួយ ភូមិភាគទី១ និងទី២ ក៏ដូចជា កងទ័ពជើងទឹកភូមិន្ទថៃ សម្រាប់តំបន់ភាគខាងត្បូង។
ទន្ទឹមនឹងនេះ អគ្គបញ្ជាការកងទ័ពថៃក៏ធ្វើការជាមួយ នាយកដ្ឋានអង្កេតភូមិសាស្ត្រភូមិន្ទថៃ ដែលជាផ្នែកមួយនៃគណៈកម្មការព្រំដែនរួម(JBC) និងដែលមានឧបករណ៍ចាំបាច់សម្រាប់គម្រោងនេះ។
តាម The Nation, សម្រាប់ខេត្តស្រះកែវ របងព្រំដែនដែលបានស្នើឡើងនឹងមានប្រវែង ១០គីឡូម៉ែត្រ ជាមួយនឹងថវិកាប៉ាន់ស្មានដែលត្រូវចំណាយ គឺចំនួន ៨៧លានបាត (ឬប្រមាណ ២លាន៧សែនដុល្លារ)។ ការអនុម័តថវិកាកំពុងស្ថិតក្រោមការពិនិត្យឡើងវិញ ដោយសារតែមូលនិធិរបស់រដ្ឋាភិបាលថៃមានកម្រិត ប៉ុន្តែការសាងសង់អាចអនុវត្តបានភ្លាមៗ នៅពេលដែលថវិកាត្រូវបានកំណត់ច្បាស់លាស់៕
ប្រភព៖ The Nation
រូបភាព៖ ព្រះខ័ន