ជើងហោះហើរត្រង់ ស៊ិនជិន-ព្រះសីហនុ បានបើកដំណើរការឡើងវិញដោយអាកាសចរណ៍ជាតិ

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ តំណាងរដ្ឋបាលខេត្ត​ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ​ បានអញ្ជើញទទួលអ្នកដំណើរតាមជើងហោះហើរពីទីក្រុងស៊ិនជិន ប្រទេសចិន មកកាន់ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកស្រីនាយិកាអាកាសយានដ្ឋាន និងតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និងមន្ទីរ អង្គភាពពាក់ព័ន្ធនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។

ជើងហោះហើរនេះ ជាជើងហោះហើរត្រង់ទី១ ដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ជាតិ (Air Cambodia) ដែលបាននាំយកអ្នកដំណើរសរុបចំនួន ១៤៨នាក់ បានចុះចតដោយសុវត្ថិភាពនាម៉ោង ៦ និង៣០ នាទីព្រឹក នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។

គួររំលឹកផងដែរថា ខេត្តព្រះសីហនុធ្លាប់មានជើងហោះហើរត្រង់ទៅទីក្រុងស៊ិនជិនម្តងរួចមកហើយ តែត្រូវបានផ្អាកទៅវិញដោយសារវិបត្តិសកលកូវីដ-១៩។ ការភ្ជាប់ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា គឺឆ្លើយតបពេញទំហឹងចំពោះយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» ដែលបានរៀបចំឡើងដោយរដ្ឋាភិបាលទាំងពីរ និងការពង្រីកគោលដៅថ្មីៗ ដើម្បីបំពេញតម្រូវការកំពុងកើនឡើងទាំងផ្នែកពាណិជ្ជកម្ម និងទេសចរណ៍របស់ប្រជាជនទាំងពីរប្រទេស។

ក្នុងបរិយាកាសដ៏សប្បាយរីករាយនេះលោកអភិបាលរង ឡុង ឌីម៉ង់ បានមានប្រសាសន៍ថា៖ ថ្ងៃនេះ រដ្ឋបាលខេត្តព្រះសីហនុ មានសេចក្តីសោមនរីករាយយ៉ាងខ្លាំង ដោយមានជើងយន្តហោះត្រង់ ផ្ទាល់ពីប្រទេសចិន ដែលនាំយកភ្ញៀវទេសចរ និងអ្នកវិនិយោគជាតិ និងអន្តរជាតិ មកកាន់ខេត្តព្រះសីហនុ។ បច្ចុប្បន្ន មានជើងហោះហើរត្រង់មកកាន់ខេត្តព្រះសីហនុ មានចំនួន ៨ជើង និងមានការតភ្ជាប់បន្ថែមជាបន្តបន្ទាប់ទៀតផងដែរ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print