ខេត្តកំពង់ស្ពឺ ៖ លោក ហ៊ុន ម៉ានី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ស្ពឺ បានថ្លែងថា ៖ ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែកញ្ញា របស់គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ ខ្ញុំបានផ្តល់អនុសាសន៍ណែនាំជូនដល់ក្រុមការងារគណបក្ស និងគណៈកម្មាធិការបក្សមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការពង្រឹងសមាជិកគណបក្សប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្នុងនោះ សូមក្រុមការងារខិតខំអំពាវនាវដល់សមាជិក សមាជិកាគណបក្សឱ្យបន្តគាំទ្រ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ក្នុងការដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ។ ដោយឡែក ចំពោះបងប្អូនពលករដែលទើបត្រលប់មកពីប្រទេសថៃ ក្រុមការងារត្រូវបន្តយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ពួកគាត់ ជាពិសេស ជួយស្វែងរកឱកាសការងារដល់ពួកគាត់។ អនុវត្តតាមការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា ក្រុមការងារត្រូវចូលរួមអនុវត្តការងារសម្រួលធ្វើអត្តសញ្ញាណបណ្ណ ជូនបងប្អូនដែលអត្តសញ្ញាណបណ្ណអស់សុពលភាព និងអ្នកដែលមិនទាន់មាន ឱ្យបានឆាប់រហ័ស។
លោកបន្តថា ៖ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមក្រុមការងារទាំងអស់បន្តយកចិត្តទុកដាក់ដល់តម្រូវការប្រចាំរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេសការត្រៀមជួយសង្រ្គោះបងប្អូន ទ្រព្យសម្បត្តិ និងសត្វពាហនៈពីហានិភ័យ គ្រោះទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ ក៏ដូចជាបន្តពង្រឹងការអនុវត្តនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ដែលសុខទុក្ខរបស់ពួកគាត់គឺជាស្នូលនៃបេសកកម្មរបស់គណបក្សយើង។
ជាមួយគ្នានេះ ខ្ញុំសូមថ្លែងអំណរគុណជូនចំពោះក្រុមការងារទាំងអស់ដែលបានបន្តចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់ក្រុមគ្រួសារកងទ័ពនៅតាមមូលដ្ឋានរៀងៗខ្លួន ដែលបានបង្ហាញពីការយកចិត្តទុកដាក់របស់គណបក្សដល់វីរកងទ័ពជួរមុខ ទាំងសុខទុក្ខផ្ទាល់ខ្លួនផង ក៏ដូចជាក្រុមគ្រួសាររបស់ពួកគាត់ផងដែរ។ ក្នុងនាមជាកម្មាភិបាលគណបក្ស ការចូលរួមតាម របបប្រជុំជាប្រចាំគឺជាតួនាទីមួយដ៏សំខាន់ក្នុងការក្តាប់ឱ្យជាប់នូវសភាពការណ៍នយោបាយទូទៅ ក៏ដូចជាសតិអារម្មណ៍មហាជន ជាប្រចាំ ដើម្បីតាមដាន និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីនយោបាយ លិខិតបទដ្ឋាន និងសេចក្តីណែនាំនានារបស់ថ្នាក់កណ្តាលផងដែរ៕
ដោយ ៖ សិលា