សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៦នាក់ពាក់ព័ន្ធករណីប្រើប្រាស់និងជួញដូរគ្រឿងញៀន

ចែករំលែក៖

ខេត្តសៀមរាប៖ ក្រុមអ្នកជួញដូរនិងប្រើប្រាស់គ្រឿងញៀនមួយក្រុមរួមទាំងវត្ថុតាងត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបឃាត់ខ្លួនជាបន្ដបន្ទាប់ ពាក់ព័ន្ធនិងការប្រើប្រាស់ និងជួញដូរគ្រឿងញៀន។ ក្នុងនោះមានចំនួន០២សង្កាត់ផ្សេងគ្នាគឺសង្កាត់សាលាកំរើក និងសង្កាត់ចុងឃ្នៀស។

លោកវរសេនីយ៍ទោ អ៊ុំ សាអាត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឲ្យដឹងនៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ ថា ជនសង្ស័យចំនួន០៦នាក់ និងដកហូតបានវត្ថុតាងមួយចំនួនធំ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សាលាកំរើក។

មន្ដ្រីសមត្ថកិច្ចរូបនោះបានបន្ដថា ការឃាត់ខ្លួននេះដោយបានសហការពីកម្លាំងសមត្ថកិច្ចតាមមូលដ្ឋានរួចមកទើបកម្លាំងជំនាញរបស់ខេត្តបានបង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់បាន២កន្លែងផ្សេងគ្នា។

លោកបានបន្តថា ជនសង្ស័យដែលសមត្ថកិច្ចនគរបាលឃាត់ខ្លួនបានទាំង៦នាក់នោះមានទី១-ឈ្មោះ ព្រិច សុភ័ស ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរសន្តិសុខ ស្នាក់នៅបន្ទប់ជួល ភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប(ប្រើប្រាស់) ទី២-ឈ្មោះ គល់ ចំណាន ភេទប្រុស អាយុ៣២ឆ្នាំ មានមុខរបរសន្តិសុខ រស់នៅភូមិវាល សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប (ប្រើប្រាស់) ទី៣-ឈ្មោះ ឆោម អូនដែន ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរលក់ឥវាន់ចាប់ហួយ ស្នាក់នៅផ្ទះជួល ភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប (ជួញដូរ) ទី៤-ឈ្មោះ ពៅ សុភ័ក្រ ហៅខួចឫអូន ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរជួសជុលទូរស័ព្ទដៃ ស្នាក់នៅក្រុមទី០៤ ភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប (ចាត់ចែងឲ្យប្រើប្រាស់) ទី៥-ឈ្មោះ មឿន រ៉ាឌី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរគ្មាន រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប (ចាត់ចែងឲ្យប្រើប្រាស់) និងទី៦-ឈ្មោះ ទួនភឿត ចំរើនរិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ មានមុខរបរជួសជុលទូរស័ព្ទដៃ ស្នាក់នៅភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប (ចាត់ចែងឲ្យប្រើប្រាស់)។

ក្រោយពីឃាត់ខ្លួនបានជនសង្ស័យកម្លាំងជំនាញបានធ្វើការចាប់យកវត្ថុតាងរួមមាន ម៉្សៅមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន១៨កញ្ចប់តូច ស្មើទម្ងន់ ៥,៣ក្រាម, កាំភ្លើងម៉ាក M79 មួយដើម, ទូរស័ព្ទដៃចំនួន០៥គ្រឿង, ម៉ូតូ០១គ្រឿង និងឧបករណ៍ប្រើប្រាស់ ឆ្នៃជក់ វេចខ្ចប់ គ្រឿងញៀនមួយចំនួនទៀត។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពទទួលកំហុសថា ពួកខ្លួនពិតជាបានប្រព្រឹត្តិមែន។

បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ និងវត្ថុតាងត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តសៀមរាបដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

1 2

ដោយ៖ ជានិរន្ដរ៍

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print