ភ្នំពេញៈ បុរសជនជាតិបរទេសម្នាក់បានដេកស្លាប់ដោយមិនទាន់ដឹងមូលហេតុនៅក្នុងផ្ទះជួលមួយកន្លែង។ ហេតុការណ៍នេះបានកើតឡេីងកាលពីវេលាម៉ោង០៨និង១០នាទីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុមានប្រជាពលរដ្ឋបានដើរកាត់បន្ទប់ជួលរបស់ជនបរទេសខាងលើក៏ប្រទះឃើញបុរសវ័យចំណាស់ម្នាក់បានដេកស្លាប់ ភ្លាមៗក៏មានការភ្ញាក់ផ្អើលហើយបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកពិនិត្យនិងទាក់ទងទៅមន្រ្ដីជំនាញធ្វើការត្រួតពិនិត្យផងដែរ ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌសែនសុខបានចុះមកដល់ទីតាំងខាងលើធ្វើការយកខ្សែហ៊ុមព័ទ្ធ និងបានទំនាក់ទំនងទៅកាន់កម្លាំងសមត្ថកិច្ចជំនាញខាងកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចុះមកធ្វើការត្រួតពិនិត្យលើសាកសព ។
សមត្ថកិច្ចជំនាញបានធ្វើការត្រួតពិនិត្យ សពហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូង (ជំងឺប្រចាំកាយ) ពិតប្រាកដមែន ៕ដោយ៖ ស រស្មី