ខេត្តតាកែវ៖ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរបន្តធ្វើ ពហិការមិនប្រើប្រាស់ទំនិញរបស់សៀម ហើយបែរមកគាំទ្រផលិតផលក្នុងស្រុកឱ្យបានផុលផុស ដើម្បីលើកស្ទួយសេដ្ឋកិច្ចជាតិ។
លោក វ៉ី សំណាង លើកឡើងបែបនេះនាឱកាស អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះបំពេញទស្សនកិច្ចសិក្សាស្វែងយល់ដោយផ្ទាល់អំពីសង្វាក់ផលិតកម្មផលិតទឹកដោះគោស្រស់នៅកសិដ្ឋាន ដែលមានទីតាំងស្ថិតនៅតំបន់ភ្នំតាម៉ៅ ក្នុងស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ លោក វ៉ី សំណាង បានថ្លែងកោតសរសើរយ៉ាងខ្លាំងចំពោះកសិដ្ឋាន ដែលប្រើប្រាស់បច្ចេកទេសកសិកម្មទំនើបក្នុងការចិញ្ចឹមគោ និងផលិតទឹកដោះគោស្រស់។ លោកបានគូសបញ្ជាក់ថា៖ «ក្នុងពេលបច្ចុប្បន្ននេះ បញ្ហាសង្គ្រាមឈ្លានពាន និងការបិទព្រំដែនដោយឯកតោភាគីពីយោធាថៃ គឺជា ឱកាសមាស សម្រាប់ពាណិជ្ជករក្នុងស្រុកបង្កើនការផលិតទំនិញសម្រាប់ផ្គត់ផ្គង់ទីផ្សារជាតិ»។ ទោះជាយ៉ាងណា ឯកឧត្តមក៏បានសង្កត់ធ្ងន់ដែរថា ការផលិតត្រូវតែមាន គុណភាពខ្ពស់ និងតម្លៃសមរម្យ៕
ប្រភព៖ រដ្ឋបាលខេត្តតាកែវ