ខេត្តបន្ទាយមានជ័យ៖ បុរស២នាក់ជាអ្នករួមដំណើរដោយជិះរថយន្តទើបតែចេញពីកន្លែងផឹកស៊ីផ្ទះមិត្តភក្តិបង្កគ្រោះថ្នាក់ដោយខ្លួនឯងខណៈអ្នកបើកបររថយន្តក្នុងស្ថានភាពស្រវឹងបុកដើមត្រសេកក្បែរចិញ្ចើមថ្នល់១ដើមបណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ២នាក់តែម្តង។ ចំណែកអ្នកបើកបររថយន្តវិញគេសង្ស័យរបួសស្រាលរត់គេចខ្លួនបាត់ និងរថយន្តខូចខាតខាងមុខស្ទើរទាំងស្រុង។
ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងនេះកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ នៅលើផ្លូវលំត្រង់ចំណុចម្តុំគោកម្រះព្រៅ ស្ថិតក្នុងភូមិកូនខ្លែង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះស្លាប់ទាំង២នាក់ត្រូវបានគេស្គាល់ឈ្មោះ ញ៉ក់ រ៉ាយ៉ុត ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិត្រពាំងថ្មជើង ឃុំប៉ោយចារ ស្រុកភ្នំស្រុក និងម្នាក់ទៀតឈ្មោះ សារ៉ាយ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅស្រុកមង្គលបូរី រីឯអ្នកបើកបររថយន្តរត់គេចខ្លួនគេស្គាល់រស់នៅក្នុងស្រុកភ្នំស្រុកនោះដែរ ប៉ុន្តែមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួន បង្កគ្រោះថ្នាក់រត់គេចខ្លួនបាត់។
សូមបញ្ជាក់ថា នៅខេត្តបន្ទាយមានជ័យរយៈពេល២ថ្ងៃចុងក្រោយគេឃើញកើតឡើងគ្រោះថ្នាក់ចរាចរណ៍៤ករណីសរុបមនុស្សស្លាប់៦នាក់ ទទួលរងរបួសធ្ងន់ស្រាល៣នាក់។ ក្នុងហេតុការណ៍ បើករថយន្តធ្លាក់ចូលប្រឡាយទឹកលង់ស្លាប់៣នាក់ នៅក្រុងសិរីសោភ័ណ, ជិះម៉ូតូ ឌុបគ្នា២នាក់ធ្លាក់ចូលប្រឡាយគ្មានទឹក ស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់ នៅស្រុកមង្គលបុរី, បើកម៉ូតូបុករថយន្តធុនធំបត់ឆ្វេងផ្លាស់ប្តូរគន្លងផ្លូវមិនប្រយ័ត្នបណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ម្នាក់ និងរងរបួសស្រាលម្នាក់, និងករណីចុងក្រោយនេះនៅស្រុកភ្នំស្រុក បើករថយន្តក្នុងស្ថានភាពស្រវឹង បើកបុកដើមត្រសេកស្លាប់២នាក់បន្ថែមទៀត៕
ដោយ៖ សំ វិច្ឆិកា