ខេត្តកណ្តាល÷ យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយឃាត់ខ្លួនបាន ក្រោយពីលោតចុះពីលើម៉ូតូរត់គេចខ្លួន និងបានក្រវាត់ថ្នាំញៀនចោល។ ការចាប់ខ្លួននេះធ្វើឡើងនៅព្រឹកថ្ងៃទី២៨ កញ្ញា ២០២៥ នៅភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ អាត វណ្ណនី ភេទ ប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិព្រែកតានប់ ឃុំកំពង់ស្វាយ។ ជននេះត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលកំពង់ស្វាយឃាត់ខ្លួន ក្រោយសហការជាមួយប្រជាការ ពារចុះល្បាតក្នុងភូមិសាស្ត្រ។ ពេលនោះ សមត្ថកិច្ចបានប្រទះឃើញជនសង្ស័យជិះម៉ូតូគួរឲ្យសង្ស័យ ហើយបានហៅឲ្យឈប់ តែជនសង្ស័យមិនព្រម ហើយព្យាយាមរត់គេច។ ជនសង្ស័យបានលោតចុះពីម៉ូតូ ហើយក្រវាត់ថ្នាំញៀនចោល តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ។
លោកអធិការបានបន្តថា វត្ថុតាងដែលដកហូតបានមាន៖ ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ៣កញ្ចប់ (តូច ១, មធ្យម ២) ទម្ងន់ ៤,៥៤ក្រាម និងម៉ូតូគុបជ្រុងគ្មានស្លាកលេខ ១គ្រឿង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ អាត វណ្ណនី បានសារភាពថា ថ្នាំញៀននេះជារបស់ឈ្មោះ រស់ ភារី (ហៅអាធំ) (ប្រុស, ៤២ឆ្នាំ) ដែលបានប្រើខ្លួនឲ្យយកទៅប្រគល់ឲ្យមនុស្សប្រុសម្នាក់ទៀត។ ក្រោយបានចម្លើយនេះ កម្លាំងជំនាញនគរបាលស្រុកបានបន្តស្រាវជ្រាវរកឈ្មោះ រស់ ភារី តែជននេះបានគេចខ្លួនបាត់ទៅហើយ។
បច្ចុប្បន្ន ជនសង្ស័យឈ្មោះ អាត វណ្ណនី រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕