ខេត្តបន្ទាយមានជ័យ : នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ អភិបាលខេត្តបន្ទាយមានជ័យបានផ្ញើលិខិតតវ៉ាទៅអភិបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ដើម្បីតវ៉ាចំពោះការលើកបដាដែលមានខ្លឹមសារស្តីពីការអនុវត្តច្បាប់ក្នុងស្រុកថៃលើប្រជាពលរដ្ឋកម្ពុជារស់នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
នៅក្នុងលិខិតតវ៉ារបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា
សកម្មភាពដដែលៗ នៃការលើកបដា និងខ្លឹមសារប្រកាសខាងលើនេះជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមកលើសិទ្ធិប្រជាពលរដ្ឋស្លូតត្រង់កម្ពុជា ដែលបានកំពុងរស់នៅ អាស្រ័យផលក្នុងភូមិទាំងពីរនេះ តាំងពីយូរយារណាស់មកហើយ គឺមុនពេលអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (MOU 2000) ចូលជាធរមាន។
ទន្ទឹមនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា រដ្ឋបាលខេត្តស្រះកែវមិនមានសមត្ថកិច្ចកំណត់ព្រំដែន និងអនុវត្តច្បាប់ក្នុងស្រុកថៃរបស់ខ្លួនមកលើសហគមន៍កម្ពុជាដែលបាននិងកំពុងរស់នៅនិងអាស្រ័យផលក្នុងតំបន់មិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែនរួចរាល់នោះទេ។ យោងតាមអនុស្សរណៈនៃការយោគយល់គ្នា(MOU 2000)កំណត់ហេតុកិច្ចប្រជុំពិសេសគណៈកម្មធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ភាគីទាំងសងខាងបានឯកភាពរក្សាស្ថានភាពដដែល រហូតដល់ការងារខណ្ឌសីមាព្រំដែនត្រូវបានបញ្ចប់។
នៅក្នុងលិខិតដដែលនោះ បានបញ្ជាក់ថា សកម្មភាពឯកតោភាគីដដែលៗខាងលើ គឺជាការបង្កហេតុដែលនាំឱ្យមានភាពតានតឹងកើនឡើងនៅតំបន់ដែលកំពុងមានជម្លោះ និងជាការបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ លទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និងលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(RBC) ព្រមទាំងជាការរំលោភបំពានយ៉ាងជាក់ស្តែងលើកំណត់ហេតុកិច្ចប្រជុំពិសេស លើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពគ្នាក្នុងការទប់ស្កាត់រាល់សកម្មភាពដែលធ្វើឱ្យខូចដល់ការជឿទុកចិត្តគា្នទៅវិញទៅមក បង្កឱ្យមានការយល់ច្រឡំបង្កើនភាពតានតឹងនៅតាមព្រំដែន ឬពង្រីកវិសាលភាព និងទំហំនៃជម្លោះ ជាពិសេសរំលោភចំណុច ៨ នៃកំណត់ហេតុកិច្ចប្រជុំពិសេស(GBC)លើកទី១ ដែលភាគីទាំងពីរបានព្រមព្រៀងគ្នា៕
ប្រភព : (PRU)