ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ ធ្វើការជួយឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចខណ្ឌចំការមន យកទៅសួរនាំបន្តបន្ទាប់ពីជនសង្ស័យទាំងនោះបានធ្វើសកម្មភាពលួចយកទូរស័ព្ទ របស់ជនរងគ្រោះកំពុងដេកលក់ក្នុងរថយន្តបានហើយព្យាយាមរត់គេច ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣និង៥០នាទីរំលងអាធ្រាត្រចូលថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៥ទល់មុខរដ្ឋសភាជាតិ ផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ហើយឃាត់បាននៅចំនុចផ្លូវ ៦៣កែងផ្លូវព្រះសីហនុ ខណ្ឌដូនពេញ ។
ជនសង្ស័យនិងជនរងគ្រោះមិនបានអោយស្គាល់អត្តសញ្ញាណ គ្រាន់តែដឹងថាទូរស័ព្ទដែលជនសង្ស័យលួចយកទៅម៉ាកoppo ហើយបានបាត់នៅពេលដែលដេញតាមចាប់ជនសង្ស័យ មិនថាបោះឬប្លុងចោលនៅទីណានោះទេ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានអោយដឹងថាមុនពេលកេីតហេតុ កម្លាំងសមត្ថកិច្ចនៃអធិការខណ្ឌដូនពេញ បានធ្វើល្បាតទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន លុះមកដល់ចំនុចកេីតហេតុ ក៍ស្រាប់តែមានបងប្អូនប្រជាពលរដ្ឋនិងជនរងគ្រោះ បានដេញតាមជនសង្ស័យ២នាក់ជិះម៉ូតូ ម៉ាកឆាលីមួយគ្រឿង ថាបានធ្វេីសកម្មភាពលួចយកទូរសព្ទរបស់ជនរងគ្រោះម៉ាកoppo ដែលដេកលក់ក្នុងរថយន្ត នៅម្តុំមុខរដ្ឋសភា លឺដូចនេះកម្លាំងសមត្ថកិច្ច ក៍បានជួយដេញតាមចាប់ជនសង្ស័យទាំង២នាក់នោះបាន ហើយសួរនាំតែជនសង្ស័យបានប្រកែកថាមិនបានលួចនោះទេ ។
ករណីនេះផងដែរ ទោះបីជាខំប្រកែកយ៉ាងណាក៍ដោយ ហើយដោយមានជនរងគ្រោះបានដេញតាមមកជាមួយដែរនោះ ទេីបសមត្ថកិច្ចខណ្ឌដូនពេញ បានសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌចំការមន ដែលជាម្ចាស់ករណីអោយមកទទួលយកជនសង្ស័យ និងជនរងគ្រោះយកទៅសួរនាំនិងដាក់ពាក្យបណ្ដឹងដេីម្បីអោយសមត្ថកិច្ចចាត់ការតាមនីតិវិធី ៕ដោយ៖សុខាសែនជ័យ
